(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន និងលោកស្រីសាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេពរង្សី កាញ្ញារីទ្ធ ប្រធាន​កិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្រ្តីរាជការក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សាទាំង ២៧វត្ត ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។

ពិធីប្រគេនទៀនវស្សា ទយ្យទាន រួមទាំងបច្ច័យ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នាសាលាឆ័ន វត្តពោធិរិទ្ធិ ហៅវត្តត្នោត ភូមិ១១ ឃុំកោះសូទិន ខេត្តកំពង់ចាម ។

ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

គួរបញ្ជាក់ដែរថា សម្រាប់ពិធីបុណ្យចូល ព្រះវស្សា នាឱកាសឆ្នាំនេះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី រួមជាមួយ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានឃុំ ទាំង៨ ទូទាំងស្រុក បាននាំយកនូវទៀនវស្សា ទេយ្យទាន ទយ្យវត្ថុ និងបច្ច័យ ប្រគេនដល់គ្រប់វត្ត ទាំង២៧ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងរដូវកាល ចូលព្រះវស្សារយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។ 

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែងតែមាន ភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល៧ ថ្ងៃ។

បុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម  មានវត្តចំនួន ៥ រួមមាន វត្ត ពោលធិរិទ្ធ ( ហៅ វត្តត្នោត), វត្ត វិសុទ្ធិវង្សាកណ្តាលកោះ (ហៅ វត្តកណ្តាល), វត្ត សិរិមង្គល ក្បាលកោះ (ហៅ វត្តក្បាលកោះ), វត្តទីប្រជុំចុងកោះ ( ហៅវត្តចុងកោះ), និងវត្ត សុទ្ធាធ្យារាជ ហៅវត្ត ធម្មយុត្តិ។

ជារួមនៅទូទាំងស្រុកកោះសូទិន មានវត្តចំនួន ២៧ ដោយក្នុង ១ វត្តៗ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ព្រមទាំងក្រុមការងារបានប្រគេននូវទៀនវស្សា ១ គូ ស្លាដក់ ១ សម្រាប់ អង្ករ ១០០ គីឡូក្រាម អង្ករដណ្តើម ៥០ គីឡូ មីជាតិ ៥ កេស ទឹកត្រី ៤ យួរ ទឹកសុីអុីវ ៤ យួរ ទឹកសុទ្ធ ៥កេស ត្រីខ ៥ យួរ ស្ករស ១០ គីឡូ ទឹកដោះគោខាប់ ១កេស ៤៨ និងបច្ច័យក្នុង ១វត្ត ៥០ មុឺនរៀល ។

ប្រគេនបច្ច័យដល់ព្រះសង្ឃ២៧ អង្គ ក្នុង ១ អង្គ ១០ មុឺនរៀល គណៈកម្មការអាចារ្យវត្ត ទាំង២៧ ដោយក្នុង១វត្ត ១០ មុឺនរៀល ។ ជាមួយគ្នានៃពិធីប្រគេនទៀនវស្សានេះដែរ ក្រុមហ៊ុនរស្មីហង្សមាស បានចូលរួមបច្ច័យ ២ ០០០ដុល្លារ ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ខៀវ ទេពរង្សុី កាញារីទ្ធ បានប្រគេនបច្ច័យចំនួន ៥ ៦០០ ដុល្លារ ដើម្បីចូលរួមសាងសង់សាលាឆាន់ ១ខ្នង ក្នុងវត្តពោធិរិទ្ធ ហៅវត្តត្នោត ដែលមានទំហំ ៦ ម៉ែត្រ គុណ ២០ម៉ែត្រ ដែលត្រូវចំណាយថវិកាអស់ចំនួន ជាង៣មុឺនដុល្លារ។

នៅក្នុងឱកាសនៃពិធីប្រគេនទៀនវស្សានេះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់នៅទូទាំងស្រុកកោះសូទិន និងបានអរគុណដែលបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមកនេះ ។

នៅក្នុងឱកាសនោះ ព្រះចៅអធិការវត្ត ពោធិរិទ្ធ ហៅវត្ត ត្នោត ក្នុងនាម ព្រះសង្ឃទាំង២៧ វត្ត ក្នុងស្រុកកោះសូទិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកស្រី ទេព រង្ស៊ី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន ក៏ដូចជា មន្ទីរព័ត៌មានខេត្តកំពង់ចាម និងពុទ្ធបរិស័ទ្ធទាំងអស់សូមសមប្រកបដោយពុទ្ធពរ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំ បី ឃ្លៀងឃ្លាតឡើយ។
ដោយឡែកនៅព្រឹកថ្ងៃដដ៏ដែលនេះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន និងលោកស្រី សាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេពរង្សី កាញ្ញារីទ្ធ ប្រធាន​កិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីស្តាប់នូវរបាយការណ៍ស្តីពីស្ថានភាព និងការអភិវឌ្ឍ ភូមិ ឃុំ កោះសូទិន និងការរីកចំរើននៃវិស័យឥស្លាមសាសនារួចមក លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកនូវប្រសាសន៍សម្តេចតេជោហ៊ុន សែន ជូនចំពោះ បងប្អូនសាសនិកឥស្លាមក្នុងឃុំកោះសូទិន ហើយបានកោតសរសើរចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នៅតាមវិហារនានា និងអ្នកគោរពសាសនាឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព ធ្វើអោយប្រទេសជាតិ យើងចម្រុងចម្រើនតាមរយៈការខិតខំរបស់បងប្អូន។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន។ នៅប្រទេសកម្ពុជាយើងមានសាសនាជាច្រើនដូចជា ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រឹស្ទសាសនា…គឺយើងទាំង អស់គ្នារស់នៅជាមួយគ្នាដោយសុខស្រួល។

លោករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា សាសនាទាំងអស់ មិនមានសាសនាណាមួយប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ គឺសុទ្ធតែប្រដៅមនុស្សអោយសាងនូវអពើល្អ។

មានប្រទេសមួយចំនួនធំមិនអនុញ្ញាតិអោយបងប្អូនឥស្លាមស្លៀកពាក់សំលៀកបំពាក់ និងទទូរ ឬពាក់ មួកសាសនាចូលរៀន និងថតរូបដាក់ក្នុងអត្តសញ្ញាណប័ណ្ណ ឬលខិតឆ្លងដែនឡើយ។ ប៉ុន្តែនៅកម្ពុជាគឺ អនុញ្ញាត្តិអោយពាក់ ដោយមិនចាំបាច់ដោះក្រមារទទូរ ឬមួកចេញឡើយ។

ម្យ៉ាងវិញទៀត គឺបងប្អូន ខ្មែរឥស្លាមរស់នៅក្នុងប្រទេសមានសិទ្ធិសេរីភាពពេញលេញ ដោយគ្មានជំលោះសាសនាអ្វីឡើយ។ នៅក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ និងលោកស្រី បាននាំយកនូវថវិកា និងអង្ករជូនវិហារឥស្លាម ក្នុងភូមិទី១៣ ឃុំកោះសូទិនផងដែរ៕