(កណ្តាល)៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល, លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តិទៅដោយរលូន, សេរី, ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានការគំរាមកំហែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់នៃគណបក្សស្រុក, ឃុំ និងភូមិ ដែលកាន់តែមានភាពជាម្ចាស់ និងកាន់តែមានសមត្ថភាពរឹងមាំ ក៏ដូចជាសកម្មជន, យុវជន និងអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់នៅក្នុងស្រុកមុខកំពូលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ គ្រប់រូបភាព និងបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី មិនខ្លាចនឿយ យ៉ាងស្រស្រាក់ស្រស្រាំ និង សកម្មបំផុត ហើយស្រុះដៃគ្នាល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមក៏បានសំដែងនូវអំណរគុណដល់ក្រុមការងារ ដែលបានផ្តល់នូវការគាំទ្រ ទាំងជាស្មារតី និងទាំងជាធនធានហិរញ្ញវត្ថុ ព្រមទាំងការជួយតម្រង់ទិសដល់មូលដ្ឋានក្នុងការធ្វើសកម្មភាព ពិសេសការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន សម្រាប់បម្រើឱ្យសេចក្តីត្រូវការ និងផលប្រយោជន៍របស់ប្រជាជន។

លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាគណបក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅក្នុងស្រុកមុខកំពូលទាំងអស់ ដែលបានបង្ហាញនូវភាពក្លៀវក្លា ក្នុងការប្រើប្រាស់សិទ្ធិ តាមឆន្ទៈរបស់ខ្លួន ដើម្បីចូលរួមក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា តាមរយៈការអញ្ជើញចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច រហូតទទួលបានអត្រាអ្នកទៅបោះឆ្នោតប្រមាណ ៩០% ហើយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ភ្លូកទឹកភ្លូកដីរហូតដល់ ៨៣,២២% ដែលជាអត្រាមួយខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតក្នុងស្រុកមុខកំពូលនាពេលកន្លងមក និងមានកំណើនសម្លេងគាំទ្រប្រមាណ ១៥% ធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឆ្នាំ២០២២ និងរហូតដល់ប្រមាណ ២៤% ធៀបនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ។ ឯកឧត្តមបានបន្តថា ជ័យជំនះដ៏ត្រចះត្រចង់ និងតួលេខនៃកំណើនសម្លេងគាំទ្រខ្ពស់ខាងលើនេះ ពិតជាបានប្រែក្លាយស្រុកមុខកំពូលជាមូលដ្ឋានបង្អែកដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

លោក វង្សី វិស្សុត បន្តមានប្រសាសន៍ថា ការទទួលបាននូវសម្លេងគាំទ្រដ៏ច្រើនលើសលុបទាំងក្នុងក្របខណ្ឌស្រុកមុខកំពូល ក៏ដូចជាក្នុងក្របខណ្ឌទូទាំងប្រទស គឺជាការទទួលស្គាល់នូវការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់ប្រទេសជាតិ ហើយបានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរជាងមុន ពិសេសតម្លៃនៃសន្តិភាព និងស្នាដៃធំៗជាប្រវត្តិសាស្រ្តច្រើនរាប់មិនអស់ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។ ភាពជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាការភ្ញាក់ផ្អើលសម្រាប់ពិភពលោក និងភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ពិសេសតួនាទីដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្កេម និងប៉ារ៉ាហ្កេមនាពេលថ្មីៗនេះ ក៏ជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញបាននូវសម្លេងគាំទ្របន្ថែមទៀតផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ចំពោះសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត គឺជាកត្តាដ៏ធំបំផុត សម្រាប់គណបក្សទទួលបាននូវសម្លេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដូចនេះ ជារួម សម្លេងគាំទ្រដ៏ច្រើនលើសលុបរបស់ប្រជាជននៅទូទាំងប្រទេស គឺជាការទទួលយកនូវការផ្លាស់ប្តូរ និង ការបន្តវេនពីសម្តេចតេជោ ហ៊ុន សែន ទៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត ដើម្បីធានាបាននូវនិរន្តភាពនៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត មានប្រសាសន៍ណែនាំដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តគ្រប់គ្រងសមាជិកគណបក្ស ហើយថែរក្សា និងចិញ្ចឹមសម្លេងគាំទ្រ ព្រមទាំងខិតខំកសាងពង្រីកសមាជិកគណបក្ស ដោយផ្តោតជាពិសេសលើស្រទាប់យុវជន ទាំងបរិមាណ និងគុណភាព។ ឯកឧត្តមក៏បានផ្តល់ការណែនាំដល់មន្រ្តីគណបក្សត្រូវបន្តកសាងអំពើល្អ និងអំពើត្រឹមត្រូវ ដែលជាមូលដ្ឋានបង្អែកនៃការទាក់ទាញការគាំទ្ររបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស ឱ្យស័ក្កិសមជាគណបក្ស ដែលកើតចេញពីប្រជាជន, នៅជាប់ជាមួយប្រជាជន និងធ្វើអ្វីៗដើម្បីតែប្រជាជន។ ជាមួយនេះ ត្រូវខិតខំបម្រើប្រជាជនទ្វេដង ពិសេសការផ្តល់សេវាសាធារណៈផ្សងៗ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកប្រជាជនដែលកាន់តែខ្ពស់ជាងមុន។ ទន្ទឹមនេះ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពប្រជាជន ពិសេសការផ្តល់ជំនួយឧបត្ថម្ភផ្សេងៗដល់បងប្អូនដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង។ លើសពីនេះទៀត ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែសស្រាក់សស្រាំ ពិសេសបញ្ហាគ្រឿងញឿន និងចោរកម្មផ្សេងៗ តាមភូមិឃុំ ដោយត្រូវបន្តយកចិត្តទុដាក់ក្នុងការពង្រឹកកម្លាំងប្រជាការពារ។