(ពោធិ៍សាត់)៖ សាខាសមាគមសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អ្នកសង្កេតការណ៍ជាតិ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្ត និងលោក ទិត សុខឃឿន ប្រធានសមាគមសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត សាខាខេត្តពោធិ៍សាត់ ដោយមានសមាជិក សមាជិកាចូលរួមតាមបណ្តាលក្រុងស្រុក ប្រមាណជាង១០០នាក់។

លោក ទូច សុផល អនុប្រធានសមាគម និងលោក ទិត សុខឃឿន ប្រធានសមាគម បានជម្រាបជូនថា សាខាសមាគមសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខេត្តពោធិ៍សាត់ បានចូលរួមបំពេញបេសកកម្មការងារ បំផុសចលនាយុវជនឱ្យមានសាមគ្គីភាព មានសទ្ធាទឹកចិត្តសប្បុរសធម៌ ចែករំលែកនូវពេលវេលាសេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយគោរពតាមគោលការណ៍របស់សមាគម ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ និងលោកបណ្ឌិត ម៉ិញ បានកុសល ជាប្រធានសមាគម។

បច្ចុប្បន្នសាខាសមាគមសិស្ស និស្សិត បញ្ញាវ័ន្ត ក្មេងវត្តខេត្តពោធិ៍សាត់ មានសមាជិកសរុប១០៥០អង្គ\នាក់ បាននឹងកំពុងបំពេញតួនាទីភារកិច្ចការងារ នៅតាមបណ្ដាក្រុងស្រុកទាំង០៧ និងឃុំសង្កាត់ទាំង៤៩ ទូទាំងខេត្តពោធិ៍សាត់ជាប់ជាប្រចាំ។ សមាជិក សមាជិកា សមាគមបានចូលរួមជាអ្នកសង្គេតការណ៍ដោយស្ម័គ្រចិត្ត ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

នៅឆ្នាំ២០២២ ក្រុមការងារយុវជនបញ្ញាវ័ន្តក្មេងវត្តខេត្តពោធិ៍សាត់ បានចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌សង្គម បានចំណាយថវិកាសរុប ២២២លាន ៨០ម៉ឺនរៀល ដោយមិនទាន់គិតការចំណាយផ្សេងៗទៀតផង។

លោកស្រី ប៉ុក ណាឌី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមយុវជនសិស្ស និស្សិត បញ្ញាវ័ន្តក្មេងវត្ត ខេត្តពោធិ៍សាត់ ដែលបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការងារមនុស្សធម៌ ការងារជួយសង្គ្រោះ ការងាររាជរដ្ឋាភិបាល ពិសេសការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទទួលបានជោគជ័យនាពេលថ្មីៗនេះ។

លោកស្រីបន្តថា យុវជនជាកម្លាំងស្នូលដ៏រឹងមាំ ជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ដូច្នេះត្រូវថែរក្សាសុខភាពប្រកបដោយគុណធម៌ និងបង្កើនចំណេះដឹងបន្ថែមទៀត ដើម្បីបានជាធនធានមនុស្សមានគុណភាព។ ប្រទេសមានសុខសន្តិភាព មានមេដឹកនាំប្រកបដោយគតិបណ្ឌិតដូចសព្វថ្ងៃនេះ គឺយើងពិតជាមានមោទនភាពណាស់ ទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឱ្យនៅគង់វង្សជារៀងរហូត។ ក្នុងឱកាសនោះ ក៏មានជូនលិខិតសរសើរ និងថតរូបអនុស្សាវរីយ៍ផងដែរ៕