(កំពត)៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាតំណាងរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញបើក «វេទិកាធានារ៉ាប់រង ២០២៣» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ នៅខេត្តកំពត។
ក្នុងពិធីនេះ មានការចូលរួមពី លោក ចាន់ ថា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការណែនាំនូវការងារសំខាន់ៗ ចំនួន៩ចំណុច ដល់និយ័តករធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖
*ទី១៖ ពង្រឹងការគ្រប់គ្រងទីផ្សារធានារ៉ាប់រង ដោយបន្តដាក់ចេញនៅបទបញ្ញាចាំបាច់ជាបន្តបន្ទាប់ និងចាត់វិធានការឲ្យទាន់ពេលវេលា ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់ ស្ដីពីការធានារ៉ាប់រង និងបទបញ្ញាតពាក់ព័ន្ធទាំងអស់
*ទី២៖ ពង្រឹងការតាមដាន វាយតម្លៃ ត្រួតពិនិត្យ គ្រឹះស្ថានធានារ៉ាប់រងទាំងអស់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានានូភាពរឹងមាំ ទំនុកចិត្តនូវទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សារប្រកបដោយវិជ្ជាជីវៈខ្ពស់
*ទី៣៖ ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រង ដោយពង្រឹងពង្រីកកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ជាពិសេសជំរុញការអនុវត្តធានារ៉ាប់រង កាតព្វកិច្ចដែលបានកំណត់នៅក្នុងច្បាប់ និងបទបញ្ញាជាធរមាន
*ទី៤៖ បង្កើនកិច្ចការពារអតិថិជន ដោយជំរុញយន្តការផ្សះផ្សារវិវាទ ដើម្បីកសាងបាននៅទំនុកចិត្ត របស់សាធារណជន លើសេវាធានារ៉ាប់រង ក្នុងគោលដៅជំរុញកំណើនក្នុងទីផ្សារធានារ៉ាប់រង ដែលមានសក្តានុពលធំធេង
*ទី៥៖ សិក្សា និងប្រឹងប្រែងរៀបចំប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង ដូចជាប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង និងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងការអភិវឌ្ឍន៍លើវិស័យធានារ៉ាប់រងកម្ពុជា
*ទី៦៖ ពង្រឹងការអនុវត្ត ស្ដីពីការធានារ៉ាប់រង និងបទបញ្ញត្តិពាក់ព័ន្ធជាធរមាន
*ទី៧៖ កសាង និងពង្រឹងវិជ្ជាជីវៈជំនាញនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា ខិតខំរៀបចំផលិតផលថ្មីៗ ដើម្បីបម្រើឲ្យតម្រូវការទីផ្សារ ដូចជាផលិតផលធានារ៉ាប់រងផ្នែកកសិកម្ម ផលិតផលធានារ៉ាប់រងលើគ្រោះមហន្តរាយ និងផលិតផលធានារ៉ាប់រងសម្រាប់ស្ត្រីជាដើម
*ទី៨៖ ពង្រឹង និងលើកកម្ពស់សេវាអតិថិជន ដោយធានាឲ្យបាននូវការផ្ដល់សេវា ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងចំពោះការលក់ផលិតផលធានារ៉ាប់រង និងការដោះស្រាយសំណងជូនអតិថិជន
*ទី៩៖ ចូលរួមយ៉ាងសកម្មនៅក្នុងការទទួលយកការសម្របតាម និងបង្កើតនវានុវត្តន៍ប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង សម្រាប់ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។
នាឱកាសនោះ លោក ប៊ូ ច័ន្ទភីរ៉ូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ។ ជាក់ស្ដែងនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៧ ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ចំនួន៧, ក្រុមហ៊ុនធានារ៉ាប់រងបន្ត ចំនួន១, ក្រុមហ៊ុនជើងសារធានារ៉ាប់រង ចំនួន២០, ក្រុមហ៊ុនភ្នាក់ងារធានាប្រាប់រ៉ាប់រង ចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។
ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ៣៣២លានដុល្លារ ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ជាអត្រាប្រមាណ ១.១៧% នៃ ផ.ស.ស និងដង់ស៊ីតេធានារ៉ាប់រង ចំនួន ២០,៥៣ ដុល្លារអាមេរិកក្នុងម្នាក់។
សួចនាករគន្លឹះទាំងពីរនេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេង សម្រាប់ការរីកចម្រើននាពេលខាងមុខ ហើយក៏បញ្ជាក់ផងដែរថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានបញ្ហាប្រឈម ដោយកង្វះការយល់ដឹងរបស់សាធារណជន អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ដែលកត្តានេះទាមទារឲ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ជ្រាបសាធារណៈជនបន្ថែមទៀត អំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង៕