(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា ប្រធានក្រុមការងារថ្នាក់ស្រុក និងលោក ហ៊ុល សង្វាត តំណាងលោក អ៊ូ សាម៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំស្វាយរំពារ និងក្រុមការងារថ្នាក់ខេត្ត និងស្រុកជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រុមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ចំនួន២២៥ក្រុម។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះជួបសំណេះសំណាលនេះ គឺដើម្បីសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងវិសេសវិសាលដល់តំណាងក្រុមទាំងអស់ ដែលបានខិតខំក្នុងការដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋចូលរួមបោះឆ្នោត ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ដើម្បីជាកិច្ចតបស្នងសងគុណដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានស្រុកកំពង់លែងនេះ ក្នុងនាមថ្នាក់ដឹកនាំស្រុក និងជួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបម្រើដល់ប្រជាពលរដ្ឋដោយយកអស់ពីកម្លាំងកាយចិត្ត និងដោយស្មោះស្ម័គ្រ និងមិនប្រកាន់និន្នាការនយោបាយនោះឡើយ។
ពិសេសបន្តធ្វើការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន ឲ្យមានការរីកចម្រើនបន្តទៅទៀត ជាពិសេសជាងនេះទៅទៀតនោះ គឺបន្តខិតខំថែរក្សា សុខសន្តិភាព សុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងការរស់នៅ ប្រកបដោយភាពសុខសាន្តជាបន្តទៀតផងដែរ។
នៅក្នុងពិធីនោះ ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក ក៏បាននាំយកនូវថវិកាចែកជូនដល់តំណាងក្រុមទាំង២២៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួនម៉ឺនរៀលសម្រាប់ការធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ៕