(ភ្នំពេញ)៖ លោក ធុច តួ និងភរិយា ព្រមទាំងកូនៗ៦នាក់ទៀត ត្រូវបានលោក មិន គឹមសាន ដេញចេញពីផ្ទះដែលពួកគេធ្លាប់រស់នៅ៦ឆ្នាំមកហើយ ព្រោះតែគ្មានលុយបង់រំលស់បន្ត។ ការបាត់បង់លំនៅឋាននេះ ធ្វើឱ្យលោក ធុច តួ និងភរិយា ព្រមទាំងកូនៗជួបការលំបាកខ្លាំងគ្មានទីជម្រក ហើយកូនៗក៏ខកខានការសិក្សារៀនសូត្រផងដែរ។
ដើម្បីទទួលបានផ្ទះដែលខ្លួនធ្លាប់រស់នៅយ៉ាងសុខសាន្តជុំគ្រួសារនេះ លោក ធុច តួ បានស្វះស្វែងរកក្តីអនុគ្រោះពីលោក មិន គឹមសាន ជាម្ចាស់បុរី និងអាជ្ញាធរពាក់ព័ន្ធផងដែរ តែមិនទាន់មានលទ្ធផលនៅឡើយទេ។
ដោយគ្មានកិច្ចអន្តរាគមន៍ណាមួយជាពន្លឺនៃសង្ឃឹម កាលពីពេលថ្មីៗនេះ លោក ធុច តួ ក៏បានស្កាត់មករកអង្គភាពព័ត៌មាន Fresh News ជួយផ្សព្វផ្សាយរឿងរ៉ាវរបស់លោក ក្រែងបានដឹងឮដល់ថ្នាក់ដឹកនាំ ហើយផ្តល់កិច្ចអន្តរាគមន៍ឱ្យរូបលោក និងគ្រួសារ បានផ្ទះត្រឡប់មកវិញ។
ដំណើររឿងខាងលើនេះ ត្រូវបានលោក ធុច តួ ថ្លែងរៀបរាប់ថា កាលពីឆ្នាំ២០១៥កន្លងទៅ លោក បានទៅទិញផ្ទះមួយខ្នងនៅក្នុងបុរីសែនមនោរម្យ ដែលជាបុរីរបស់លោក មិន គឹមសាន។ បុរីនេះស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ធុច តួ បានទិញផ្ទះនោះ តាំងពីធ្វើដំបូងដោយមានទំហំ ៥ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មានកម្ពស់មួយជាន់ផ្ទាល់ដី ក្នុងតម្លៃប្រមាណ ២៧,០០០ដុល្លារអាមេរិក។ តែលោកមិនមានលុយបង់ទាំងអស់នោះឡើយ គឺបង់រំលស់រយៈពេល ១៨០ខែ ក្នុងមួយខែតម្លៃ ៣៨៩ដុល្លារ។
បន្ទាប់ពីបានចូលនៅក្នុងផ្ទះហើយនោះ ដោយសារផ្ទះតូចចង្អៀត សមាជិកគ្រួសារច្រើន លោក ធុច តួ ក៏បានសង់ឡើងទៅលើចំនួនពីរជាន់បន្ថែមទៀត អស់តម្លៃប្រមាណជា ៣ម៉ឺនដុល្លារ។
លោក ធុច តួ បានបង់រំលស់ផ្ទះនេះអស់រយៈពេលប្រមាណ ៦៣ខែ គឺស្មើនឹងទឹកប្រាក់ប្រមាណ ២៥,៤០៧ដុល្លារ រួចហើយ។ តែការបង់នេះ ត្រូវបានរអាក់រអួល និងខកខានលែងបានបង់នៅដើមឆ្នាំ២០២១ ព្រោះតែវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ធ្វើឱ្យលោក ធុច តួ បាត់បង់ចំណូល ហើយមិនមានលទ្ធភាពបង់រំលស់បន្ត។
បន្ទាប់ពីខកខានការបង់ប្រាក់រំលស់បន្តជូនទៅខាងបុរីនោះ កាលពីជាង៥ខែមុន ខាងបុរី ក៏បានទៅចាក់សោះផ្ទះលែងឱ្យលោក ធុច តួ និងកូនៗរស់នៅក្នុងផ្ទះនោះបន្តទៀត។ បើតាមលោក ធុច តួ បានឱ្យដឹងថា នៅពេលខាងបុរីទៅចាក់សោផ្ទះនោះ គឺជាប់ទាំងកូនៗរបស់លោកនៅក្នុងនោះផងដែរ បន្ទាប់ពីលោកស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ទើបខាងបុរីព្រមចាក់សោឱ្យយកកូនចេញពីក្នុងផ្ទះ។
ចាប់តាំងពីពេលនោះ ខាងម្ចាស់បុរី បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីរឹបអូសផ្ទះទៅវិញ ដោយមិនអនុញ្ញាតឱ្យលោក ធុច តួ និងកូនៗ បានចូលទៅរស់នៅក្នុងផ្ទះនោះវិញឡើយ។
ក្រោយទទួលបានអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ឱ្យមានការចរចារវាងម្ចាស់បុរី និងអ្នកទិញផ្ទះក្នុងការបន្ថយចំនួនប្រាក់រំលស់នោះ លោក ធុច តួ បានរីករាយជាខ្លាំង។ លោក បានព្យាយាមចរចាជាមួយម្ចាស់បុរី សូមបន្ថយចំនួនទឹកទឹកប្រាក់បង់រំលស់ប្រចាំខែ ហើយដំឡើងរយៈពេលនៃការបង់ តែម្ចាស់បុរីមិនព្រមនោះឡើយ ហើយនៅតែបន្តទាមទាររឹបអូសយកផ្ទះនោះពីលោក។
លោក ធុច តួ បានគោរពស្នើសូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍សម្របសម្រួលលើបញ្ហានេះ ដើម្បីឱ្យលោកមានលទ្ធភាពអាចបង់រំលស់ក្នុងទឹកប្រាក់ជាង ១០០ដុល្លារក្នុងមួយខែ ហើយអាចបានចូលទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។
លោក ធុច តួ បានឱ្យដឹងថា ក្រោយពីម្ចាស់បុរីរឹបអូសយកផ្ទះវិញ រូបលោក និងកូនៗមិនមានផ្ទះនៅទៀតនោះ បច្ចុប្បន្នកំពុងរស់នៅជាមួយឪពុកក្មេក។ ផ្ទះឪពុកក្មេកមានទំហំតូច ហើយជួបការលំបាកជាខ្លាំងផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់ពីភាគីម្ចាស់បុរីលោក មិន គឹមសាន នៅឡើយនោះទេ៕