(កំពង់ស្ពឺ)៖ ស្ថានភាពទឹកភ្លៀងកំពុងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ និងគីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ដោយលំបាកក្នុងការធ្វើដំណើរ ខណៈភ្លៀងនៅបន្ដធ្លាក់នៅឡើយ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ អាចប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ឬផ្លូវវៀសផ្សេងៗ។

លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន (អាចប្រើប្រាស់ផ្លូវល្បឿនលឿន)។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យលិច ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 (កម្ពស់30cm)។ ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន»។

ក្នុងករណីស្ថានភាពប្រែប្រួលយ៉ាងណានោះ បណ្ដាញព័ត៌មាន Fresh News នឹងផ្សាយជូនដំណឹងជាបន្ដបន្ទាប់៕