(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ដោយលើកឡើងពីបញ្ហាប្រឈមដើម្បីធ្វើការដោះស្រាយ និងបំពេញសមាសភាពបន្ថែមក្រុមការងារចុះមូលដ្ឋានស្រុក ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៣ នៅស្នាក់ការបក្សស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានសម្ដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកយ ចិត្ត ដោយចំណាយទាំងថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទីកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ដើម្បីទទួលបានជ័យជម្នះជូនគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដឹកនាំប្រទេស ឆ្ពោះទៅការកសាង និងអភិវឌ្ឍជាតិកាន់តែរីកចម្រើនខ្លាំង និងជឿនលឿន បានរក្សាមរតកនេះទុកជូនសម្រាប់យុវជនបន្តវេណ និងប្រជាជនជំនាន់ក្រោយផងដែរ។
លោកស្រីបន្តថា ក្នុងនាមថ្នាក់ដឹកនាំចុះជួយមូលដ្ឋានទាំងអស់ខិតខំធ្វើការនៅមូលដ្ឋានឲ្យសកម្មបំផុត កុំធ្វើការងារអ្វី អាងខ្នង ត្រូវធ្វើដោយចេញដោយបេះដូង និងកម្លាំងកាយចិត្តទាំងអស់គ្នាត្រូវធ្វើការងារបក្សឲ្យបានសកម្មខ្លាំងក្លាជាមូលដ្ឋាន ពិសេសចុះជួបសមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីក្តាប់សំណូមពររបស់ពួកគាត់ ព្រមទាំងជួយពួកគាត់ឲ្យបានទាន់ពេលវេលាផងដែរ។
លោកស្រីក៏បានផ្តាំផ្ញើដល់អស់ដែលមានឈ្មោះក្នុងសេចក្តីសម្រេចនេះសូមយកចិត្តទុកដាក់អនុវត្តការងារ ដែលគណបក្សបានប្រគល់ជូន ដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ និងត្រូវសហការគ្នាជាមួយប្រធានបក្សឃុំ បក្សភូមិ សកម្មជនបក្ស សមាជិកបក្សឱ្យបានល្អប្រសើរ នាក្រោយពេលបោះឆ្នោត។
លោក សួស យ៉ារ៉ា បានថ្លែងថា ការប្រគល់ភារកិច្ចជូនក្រុមការងារនាពេលនេះ ដើម្បីពង្រឹងការងារបក្សពិសេសចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលជាសមាជិកបក្សនូវជីវភាពរស់នៅរបស់ពួកគាត់ និងសមាជិកបក្សណាដែលកំពុងជួបការលំបាក ត្រូវជួយគាត់ឱ្យបានទាន់ពេលវេលា និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងអស់គ្នាត្រូវដឹងគុណ អរគុណគណបក្សប្រជាជន
ពីគុណបំណាច់ដ៏ធំធេង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សបច្ចុប្បន្ន និងឥស្សរជនកំពូលជាច្រើនទៀតបានលះបង់តស៊ូរំដោះជាតិ រួចផុតពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ប៉ុលពត និងខិតខំកសាងប្រទេសជាតិផង ការពារផងតាំងពីបាទដៃទទេរហូតដល់មានការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន ក៏ដោយសារស្នាដៃបក្សប្រជានគ្រប់លំដាប់ថ្នាក់ខិតខំធ្វើការបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងទាន់ពេលវេលាទៀតផង។
លោកបានបន្តថាក្រុមការងារត្រូវធ្វើការដោះស្រាយនិងឆ្លើយតបចំពោះម្ចាស់ឆ្នោតបានទាន់ពេលវេលា ដឹងពីទុក្ខកង្វល់នៃការប្រើប្រាស់ទឹកស្អាត ការរៀបចំជីវភាពយូរវង្វែងទៅដល់ពួកគាត់ចំពោះបងប្អូនរស់នៅក្នុងឃុំផាត់សណ្តាយ និងចូលរួមទប់ស្កាត់ដង្កូវសង្គមដែលតែងតែគំរាមកំហែងជំរិតទាប្រាក់ពីពួកគាត់ ។
ជាមួយគ្នានេះលោក សួស យ៉ារ៉ា និងលោកស្រី ឃួន ឃុនឌី សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត៕