(ភ្នំពេញ)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍, អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត បានដាក់ចេញផែនការប្រមូលទិញស្មៅសមុទ្រពីប្រជាសហគមន៍ និងអាជីវករដែលអាស្រ័យផលពីឆ្នេរអង្កោល សម្រាប់យកទៅបំប្លែងធ្វើជាជីសរីរាង្គធម្មជាតិប្រើប្រាស់នៅក្នុងដំណាំកសិកម្ម។

ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យ វាយតម្លៃ និងរៀបចំកែលម្អឆ្នេរនិងព្រែកក្នុងភូមិសាស្រ្តខេត្តកែប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក នី ផល្លី បានដឹកនាំក្រុមការងារចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ដែលមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកែប និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តនោះ បានសង្កេតឃើញមានសំណល់ខ្លុយសមុទ្រជាច្រើននៅរាយប៉ាយទើរនៅលើឆ្នេរខ្សាច់។

លោក នី ផល្លី ប្រធានក្រុមការងារ បានដាក់ចេញនូវផែនការប្រមូលទិញ និងជួយរកទីផ្សារលក់សំណល់ខ្លុយសមុទ្រទាំងនេះ ដោយស្នើដល់ប្រជាសហគមន៍ និងអាជីវករដែលអាស្រ័យផលពីឆ្នេរអង្កោលធ្វើការសម្អាតឆ្នេរ និងប្រមូលច្រកដាក់បាវទុកជាប្រចាំថ្ងៃ សម្រាប់យកទៅបំប្លែងធ្វើជាជីសរីរាង្គធម្មជាតិប្រើប្រាស់នៅក្នុងដំណាំកសិកម្ម។

ផែនការប្រកបដោយគំនិតច្នៃប្រឌិតនេះ ទទួលបានការសាទរ និងគាំទ្រពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដែលមិនត្រឹមតែនឹងជួយជំរុញដល់ការលើកកម្ពស់ការថែទាំអនាម័យ និងបរិស្ថានឱ្យបានស្អាតជាប្រចាំនៅក្នុងតំបន់ឆ្នេរអង្កោល ដែលជាសូចនាករដ៏សំខាន់គាំទ្រដល់ឆ្នេរបេក្ខភាពមួយនេះ ឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការរៀបចំកែលម្អឆ្នេរអង្កោលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាកកម្សាន្ត។

គួរបញ្ជាក់ថា បន្ទាប់ពីការដាក់ចេញផែនការប្រែក្លាយសំណល់សមុទ្រនេះទៅជាលុយ បច្ចុប្បន្នមានការបញ្ជាទិញសំណល់ខ្លុយសមុទ្រប្រមាណ១,១០០បាវ សម្រាប់យកទៅប្រើប្រាស់ក្នុងការដាំដុះដំណាំកសិកកម្ម៕