(ភ្នំពេញ)​៖ នេះគឺជាការលើកឡើងរបស់លោក ថៃ ផាន់នី វិស្វករផលិតរ៉ូប៉ូតនៅក្រុមហ៊ុន AI Farm ដែលស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។​ យុវជនរូបនេះរួមជាមួយក្រុមការងារ បានស្រាវជ្រាវផលិតរ៉ូប៉ូតដៃ (Robot Arm) ដែលគេប្រើសម្រាប់ចាប់ឥវ៉ាន់ជំនួសមនុស្ស អស់រយៈពេលជាងមួយឆ្នាំមកហើយ។ មកទល់ពេលនេះ ក្រុមយុវជនទាំងនេះផលិតបានរ៉ូប៉ូតដៃ ចំនួន២ ស៊េរី។

រ៉ូប៉ូត ដៃ ដែលក្រុមយុវជនទាំងនេះបានផលិត នឹងមានសក្តានុពលនាពេលខាងមុខ សម្រាប់ប្រើប្រាស់នៅក្នុងវិស័យសំខាន់ ដូចជាវិស័យអប់រំ ឧស្សាហកម្ម ហាងកាហ្វេ និងវិស័យកសិកម្ម ដែលឧបករណ៍នេះ នឹងចូលមកជំនួសកម្លាំងពលកម្មមនុស្សបានយ៉ាងច្រើន។

បច្ចុប្បន្ននេះ Robot Arm មិនទាន់បានដាក់លក់នៅលើទីផ្សារនៅឡើយទេ ស្ថិតក្នុងដំណាក់កាលតេស្តសាកល្បងជាមុនសិន មុននឹងដាក់លក់នៅលើទីផ្សារ ដែលរំពឹងថានឹងដាក់លក់នៅលើទីផ្សារ នៅចុងឆ្នាំ២០២៣នេះ។

លោក​ ថៃ ផាន់នី បានឱ្យដឹងថា ក្នុងពេលធ្វើតេស្តសាកល្បងនេះ ក្រុមការងារបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងបន្តស្រាវជ្រាវបន្ថែម ដើម្បីឱ្យដំណើរការកាន់តែល្អ និងមានភាពរឹងមាំ៕