(ព្រះសីហនុ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរន៍មួយកើតឡើងរវាងរថយន្តធុនធំ និងម៉ូតូ នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០-១៨១ ត្រង់ចំណុចរង្វង់មូលសួនច្បារវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណណ៍នេះបានកើតឡើងរវាង រថយន្ដសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3E-5549 កន្ទុយរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ4A-9673 ដែលមានទិសដៅពី រាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ អ្នកបើកបរនៅមិនទាន់ស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើ (រង្វង់មូលសួនច្បារវាលរេញ) បានបុកពីក្រោយម៉ូតូកំពុងឆ្លងផ្លូវ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1I-3435 ដែលមានទិសដៅពីខេត្តកំពត ឆ្លងកាត់រង្វង់មូលឆ្ពោះទៅខេត្តព្រះសីហនុ។

អ្នកបើកបរម៉ូតូឈ្មោះ យស់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានបុកពីក្រោយពេញទំហឹងក៏បណ្ដាលអ្នកបបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ដ និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមនីតិវិធី។

ដោយឡែក អ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ តែយ៉ាងណាមិញសមត្ថកិច្ចជំនាញនៅតែបន្តស្រាវជ្រាវរកជនបង្កមកទទួលខុសត្រូវ ចំពោះមុខច្បាប់តាមពេលក្រោយ៕