(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្ត និងប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកគីរីសាគរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគេនទៀនវស្សា និងទេយ្យវត្ថុវេរប្រគេនព្រះសង្ឃ គង់នៅវត្តសិលាមរកតឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ តំណាំងឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកខ្សាច់ ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានសំឡេងគាំទ្រលើសលុប និងអបអរសាទរគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧។

លោក ហាក់ ឡេង បានបន្ថែមថា ការគាំទ្ររបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវតាមកាលៈទេសៈ ពីព្រោះប្រទេសកម្ពុជាយើងឆ្លងកាត់សង្រ្គាមរាប់រយឆ្នាំមកហើយ តែក្នុងរច្ចកាលសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជូនប្រជាពលរដ្ឋហើយធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាយពេញនៅលើឆាកអន្តរជាតិបន្ថែមទៀតផង។

លោកបានបន្តថា ដើម្បីសន្តិភាព ស្ថេរភាពនយោបាយឈ្នះឈ្នះ សម្តេចបានជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសលោកតា លោកយាយ បានលើកឡើងថា គ្រប់គ្នាមិនចង់បានសង្រ្គាមទេពីព្រោះពួកគាត់ឆ្លងកាត់សង្រ្គាមគ្រប់ជំនាន់ ហើយប្រទេសមានសន្តិភាព មានតែសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចរកសន្តិភាព សេរីភាពការអភិវឌ្ឍន៍ បានដោយជោគជ័យ។ ពួកគាត់ជឿជាក់ថា មានតែគណបក្សប្រជាជន១គត់ ដែលដឹកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ឈានឡើង។

សូមបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃ គង់នៅវត្តសិលាមរកត ហៅវត្តភ្នំក្រុង ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ រួមមាន៖ ទៀនវស្សា អង្ករ ស្លាដក សាប៊ូលាងចាន ប្រេងឆា មី ត្រីខ ទឹកស៉ីអ៉ីវ អំបិល ស្ករស ប៊ីចេង ទឹកត្រី ភេសជ្ជៈ ទឹកសុទ្ធ រួមទាំងបច្ច័យកសាងវត្តមួយចំនួនផងដែរ៕