(តាកែវ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ណុព្វ ស៊ីដារ៉ា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ស្ថិតក្នុងវត្តអង្កាញ់ ឃុំង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

តាមរបាយការស្វាគមន៍របស់លោកអភិបាលស្រុកព្រៃកប្បាស់ បានឱ្យដឹងថា ព្រះវិហារថ្មីដែលគ្រោងសាងសង់នេះ មានបណ្តោយ ៤៨,៣៨ម៉ែត្រ ទទឹង៣១,៧៨ម៉ែត្រ កម្ពស់២៤,៤៥ម៉ែត្រ ការសាងសង់មានរយៈពេល៤០ខែ ដោយចំណាយថវិកាប្រមាណ ៣៤ម៉ឺនដុល្លារ។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករឮកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរចំពោះសុខទុក្ខរបស់ព្រះករុណាគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះទ័យផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះអង្គព្រះចៅអធិការគ្រប់ជំនាន់ និងជំនាន់ ថ្មីនេះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលផ្តល់នូវការជឿជាក់ដោយបានបរិច្ចាគធនធាន និងថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីរួមសាមគ្គី ក្នុងការកសាងព្រះវិហារថ្មីក្នុងវត្តអង្កាញ់ សម្រាប់ទុកជាទី សេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា។ ហើយការកសាងព្រះវិហារថ្មីនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ភិក្ខុ សាមណេរ ប្រើប្រាស់ស្របតាមពុទ្ធានុញ្ញាតក្នុង ការបំពេញសង្ឃកម្ម ដើម្បីរួមចំណែកថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នារៀបចំពិធីបញ្ចុះ បឋមសិលាសាងសង់ ព្រះវិហារថ្មី នៅវត្តអង្កាញ់នាពេលនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និង អធិកអធម។ សក្ខីភាពទាំងនេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រនៃកម្ពុជា និងជាជោគជ័យយ៉ាងធំធេងបំផុតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាវីរបុរសស្នេហាជាតិ ជាស្ថាបនិកសន្តិភាព ជាអ្នកធានាការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ សង្គ្រោះ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យរស់នៅក្នុងសង្គមដែលមានភាពសុខដុម រមនា និងការអភិវឌ្ឍជូនជាតិ មាតុភូមិនៃយើង។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំង អស់បន្តរួមសាមគ្គីគ្នាជាធ្លុងមួយការពារឱ្យបានរឹងមាំនូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ជំរុញដល់ក្រុមជាងពន្លឿនការសាងសង់ឱ្យបានឆាប់រហ័ស ហើយត្រូវគិតគូពីសុវត្ថិភាព ជាចម្បង និងយក ចិត្តទុកដាក់ខ្ពស់លើគុណភាព និងធានាលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការចំណាយលើការសាងសង់ប្រមាណ ៣៤ម៉ឺនដុល្លារ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន និងលោកជំទាវ បានមានសទ្ធាជ្រះថ្លារួមចំណែកថវិកាចំនួន ៥០ភាគរយ នៃតម្លៃសាងសង់។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ នៃរដ្ឋសភា និងសូមប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពឱ្យបានកាន់តែរឹងមាំ និងថែរក្សាស្ថិរភាពរយៈពេលវែងដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ៕