(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តលើកទឹកចិត្ត ជំរុញឲ្យមានការ អភិវឌ្ឍន៍ធនធានមនុស្សទ្វេរដង ពិសេសអត្រានិស្សិតចូលរៀន ក្នុងវិស័យសុខាភិបាល វិស័យស្ទែម (STEM) និងវិស័យកសិកម្មអភិវឌ្ឍន៍ជនបទ។
ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រលើកទី៣១ របស់សាកលវិទ្យាល័យ អន្តជាតិ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
បណ្ឌិត សាបូ អូហ្សាណូ បានបញ្ជាក់យ៉ាងដូច្នេះថា «លើកទឹកចិត្តជំរុញឲ្យមានការ អភិវឌ្ឍន៍ធនធានមនុស្សទ្វេរដង ពិសេសអត្រានិស្សិតចូលរៀន ក្នុងវិស័យសុខាភិបាល វិស័យស្ទែម (STEM) និងវិស័យ កសិកម្មអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យកម្ពុជាក្លាយជាប្រធានអភិវឌ្ឍន៍ នាឆ្នាំ២០៥០។ ម្យ៉ាងទៀត សាកលវិទ្យាល័យ អន្តជាតិ ក៏ចង់បាននិស្សិតបរទេស ឲ្យមកសិក្សានៅកម្ពុជា ឲ្យបានច្រើនជាងឆ្នាំកន្លងមក»។
ទន្ទឹមគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា សាកលវិទ្យាល័យ អន្តរជាតិ សង្ឃឹមយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលអនាគត។
បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា ការអភិវឌ្ឍន៍សាកលវិទ្យាល័យ មិនអាចកាត់ផ្តាច់ចេញពីការធានាឲ្យបានសុខសន្តិភាព ស្ថេរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចបានទេ អាស្រ័យហេតុដូច្នេះ អនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន និងមតិណែនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា គុណភាពអប់រំគឺជាមូលដ្ឋានគ្រឹះតែមួយគត់ ដែលកំណត់ពីចេរភាពរបស់សាកលវិទ្យាល័យ អន្តរជាតិ ជាក់ស្តែង៖
* គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា បានផ្តល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ លើដំណើរការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន រយៈពេល៣ឆ្នាំជាប់ៗគ្នា លើកទី១ ចាប់ពីឆ្នាំសិក្សា ២០០៥-២០០៩ និងរយៈពេល៣ឆ្នាំជាប់ៗគ្នា លើកទី២ ចាប់ពីឆ្នាំសិក្សា២០០៩-២០១២ និងរយៈពេល៣ឆ្នាំជាប់ៗគ្នាលើកទី៣ ចាប់ពីឆ្នាំសិក្សា ២០១២-២០១៤។
* គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានធ្វើការវាយតម្លៃ និងបានផ្តល់ការទទួលស្គាល់ពេញសិទ្ធិសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងមូលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២១-២០២៥ ជូនដល់សាកលវិទ្យាល័យ អន្តរជាតិ ផងដែរ៕