(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេស ពាក់ព័ន្ធការតែងតាំងមន្រ្តីនយោបាយ ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ លើកលែងតែអ្នកដល់អាយុចូលនិវត្តន៍ប៉ុណ្ណោះ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់មានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ បើតាមសម្តេចតេជោ សម្រាប់តួនាទីនេះ គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនជាអ្នកធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះអ្នកទាំងនេះ មានជម្រើសមួយ តើយកតំណែងរដ្ឋមន្ត្រីប្រតិភូ ឬជារដ្ឋលេខាធិការ?
ដោយឡែកអគ្គនាយកពន្ធដារ និងអគ្គនាយកគយ ត្រូវបានរក្សាតំណែងទាំងពីរដដែល គឺតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាអគ្គនាយក ព្រោះថាម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ជាមួយថវិកាប្រចាំថ្ងៃ និងប្រចាំខែ។