(ថៃ)៖ ទូរទស្សន៍ Voice TV របស់ថៃ បានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលើកឡើងថា ជាមេដឹកនាំឆ្នើមនៅអាស៊ាន ក៏ដូចជាពិភពលោក ដោយធ្វើនយោបាយមិនដែលចាញ់ ហើយបានគិតគូរច្បាស់លាស់ពីអនាគតកម្ពុជា និងអ្នកបន្តវេន។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកម្មវិធីប្រចាំសប្តាហ៍ The Daily Dose របស់ទូរទស្សន៍ថៃ Voice TV ដោយទូរទស្សន៍បានឧទ្ទិសកម្មវិធីនេះ ជូនដល់សម្តេចតេជោ ដែលសម្តេចជាវីរជនឆ្នើមម្នាក់ ក្នុងការតស៊ូនាសម័យសង្គ្រាម។
ក្នុងកម្មវិធីប្រមាណជា១៤នាទី Voice TV បានរៀបរាប់អំពីប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន និងប្រវត្តិតស៊ូរបស់សម្តេច ក្នុងការប្រឆាំងនឹងចក្រព័ទ្ធឈ្លានពានអាមេរិក ដែលមាន CIA នៅក្រោយខ្នងលន់នល់ ហើយសម្តេចបានចូលតស៊ូរហូតពិកាភ្នែកមួយចំហៀង ហើយបានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីសុំវៀតណាម ឱ្យជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបព្រៃផ្សៃហើយមានតែមួយនៅលើលោក។
កម្មវិធីទូរទស្សន៍នេះ បាននិយាយទៀតថា ក្រោយមកទៀត សម្តេចរំដោះប្រជាជនបានមានសេរីភាពឡើងវិញ ហើយសម្តេច បានធ្វើឱ្យវៀតណាមដកកងទ័ពត្រឡប់ទៅប្រទេសពួកគេវិញ ហើយសម្តេចបានដឹកនាំប្រទេសកម្ពុជា។ ក្រោយមកមានការបោះឆ្នោត ដែលសម្តេចបានលះបង់ដើម្បីសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន គឺឱ្យមាននាយករដ្ឋមន្ត្រីពីរ ហើយក្នុងអាណត្តិបន្តតៀត សម្តេចបានឈ្នះនៅក្នុងការបោះឆ្នោត ដែលធ្វើជានាយករដ្ឋមន្ត្រី ក្នុងពេលដែលគណបក្សប្រជាជនកាន់អំណាចរហូតមក។
ទូរទស្សន៍នេះ បានកោតសរសើរចំពោះសម្តេច ដែលមិនបានលោភលន់ជាមួយអំណាចទេ ដោយបានប្រគល់តំណែងបេក្ខភាពនាយករដ្ឋមន្ត្រីទៅឱ្យកូន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលសម្តេចបានគិតគូរពីរបស់ប្រទេសជាតិ និងអនាគតយុវជនបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា។ ថៃបានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានរើសថ្ងៃល្អសម្រាប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី និងសរសេរថាសម្តេចជាអ្នកនយោបាយដ៏ខ្លាំងម្នាក់នៅអាស៊ីអាគ្នេយ៍នេះ ក៏ដូចជាពិភពលោកផងដែរ ដោយសារសម្តេចជាអ្នកនយោបាយមិនដែលចាញ់ទៀតផង៕