(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាកសិករខ្មែរនាំគ្នាចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនចំណូលពីលើការដាំដុះ ខណៈសាច់សត្វនៅកម្ពុជាតម្រូវការអាហារដ៏ទាក់ទាញមួយសម្រាប់ប្រទេសនៅលើពិភពលោក។
ក្នុងឱកាសអញ្ជើញជាអធិបតីផ្សព្វផ្សាយជាសាធារណៈនូវច្បាប់ស្តីពីច្បាប់ស្តី ពីច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ លោក វេង សាខុន បានថ្លែងថា គេតែងនិយាយអំពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តែមិនដែលបានឮពីការនិយាយពីវិធីបង្កើនចំណូលរបស់ប្រជាកសិករនោះឡើយ។
ដើម្បីបង្កើនចំណូលបន្ថែមពីលើការដាំដុះ ការចិញ្ចឹមសត្វជាវីធី ដ៏ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក វេង សាខុន។
លោករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «យើងភ្លេចគិតនូវការជំរុញលើកកម្ពស់កសិករ យើងឃើញជារៀងរាល់ឆ្នាំគេជជែកពីការតម្លើងប្រាក់ ខែជូនកម្មករ។ ជារៀងរាល់ឆ្នាំតែងជជែកគ្នា មូលហេតុអ្វី? ព្រោះសេដ្ឋកិច្ចវាឈានឡើងដូចកាំជណ្តើ កម្មករទាមទារឡើងប្រាក់ខែ។ ប៉ុន្តែ កន្លងមកនេះ មិនដែលមានគេនិយាយថា ឬទាមទារឲ្យកសិករហ្នឹងប្រាក់បៀវត្សរ៍ ឬក៏មធ្យោបាយផ្សេងៗទៀត។ គោលដៅយើងកាត់ បន្ថយភាពក្រីក្រ តែអត់មានយន្តការណាមួយថា ធ្វើយ៉ាងម៉េចបង្កើននូវចំណូលកសិករឲ្យស្របតាមកំណើនសេដ្ឋកិច្ច ដែលនេះជាចំណុច សំខាន់ណាស់»។
លោក វេង សាខុន បានបង្ហាញការជឿជាក់ថា កសិករនឹងទទួលបានកំណើនសេដ្ឋកិច្ច តាមរយៈការចិញ្ចឹមសត្វ។ លោកបន្តថា តាមដំណើរចុះទៅតាមបណ្តាខេត្តមួយចំនួន បានរកឃើញថា ការចិញ្ចឹមសត្វបានបង្កើនចំណូលដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានថ្លែងថា សាច់សត្វនៅកម្ពុជា គឺជាសាច់ ដែលមានការចាប់អារម្មណ៍ខ្ពស់មួយនៅតាមទីផ្សារនានាលើពិភពលោកនេះ ដោយសារតែសាច់សត្វនៅកម្ពុជាចិញ្ចឹមបែបធម្មជាតិច្រើន។
លោក វេង សាខុន បានឲ្យដឹងថា កម្ពុជា កំពុងនាំចូលសាច់សត្វពីប្រទេសជិតខាងប្រមាណ ១រយលានដុល្លារក្នុងមួយឆ្នាំ។ លោកបន្តថា នៅឆ្នាំ២០២០ ពេលដែលប្រជាពលរដ្ឋកម្ពុជាកើនដល់ ១៧លាននាក់ បូកជាមួយភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៧លាននាក់ឡើង ទៅ កម្ពុជាត្រូវការសាច់សត្វរហូតដល់ ៣១៤ពាន់តោន៕