(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំ ក្រសួងមួយចំនួនទៀត បានទទួលជួបសំណេះសំណាល ផ្តល់អនុសាសន៍ និងបទពិសោធន៍មួយចំនួន ដល់មន្ត្រីរាជការមកពីតាមបណ្តាក្រសួង ស្ថាប័ននានាចំនួន២៤រូប ដែលទទួលបានអាហារូបករណ៍ JDS ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Decree) នៅតាមបណ្តាសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ហេង សុខគង់ បាននាំនូវបណ្តាំសួរសុខទុក្ខ ការជូនពរ និងកោតសរសើរពីសំណាក់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទាំងអស់ជូនដល់និស្សិតជ័យលាភី និងបានជម្រាបជូនពីតួនាទី ភារកិច្ចមួយចំនួនរបស់ក្រសួង និងកិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង ជាមួយភាគីជប៉ុន ក៏ដូចជាភាពជោគជ័យ នៃវិនិយោគិនជប៉ុននៅកម្ពុជាយើង លើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានផ្តល់ជូននូវអនុសាសន៍ និងបទពិសោធន៍៧ចំណុច ដើម្បីក្លាយជានិស្សិតល្អ និងជាធនធានដ៏មានតម្លៃរបស់ជាតិ ក្នុងការសិក្សានៅក្រៅប្រទេសក្នុងនោះរួមមាន៖
*ទី១៖ ការត្រៀមរៀបចំគ្រឿងឧបទេសក៍ និងសម្ភារ: បរិក្ខារចាំបាច់នានា រួមទាំងថ្នាំពេទ្យ ម៉ាស់ អាល់កុល ជាដើមសម្រាប់សិក្សារៀនសូត្រ និងថែរក្សាសុខភាពផ្ទាល់ខ្លួន។
*ទី២៖ បង្កើតគ្រុបតេឡេក្រាម ឬ WhatsAPP ជាមួយនិស្សិតខ្មែរដូចគ្នា (ជាពិសេសជាមួយនិស្សិតរៀមច្បង) ទោះបីសិក្សានៅសាកលវិទ្យាល័យផ្សេងៗគ្នាក៏ដោយ ដើម្បីដឹងសុខទុក្ខ និងចែករំលែកបទពិសោធន៍ និងជួយគ្នាក្នុងករណីចាំបាច់ ស្របតាមពាក្យចាស់បុរាណខ្មែរយើង នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ ហើយត្រូវចេះរៀនធ្វើការជាក្រុម មានស្មារតីជាក្រុម (Team Spirit) និងចេះដោះស្រាយពេលមានភាពតានតឹង (How to deal with stress) ដោយសារការរៀននៅប្រទេសជប៉ុនមានភាពតឹងតែង និងហ្មត់ចត់ខ្លាំង។
*ទី៣៖ យល់ដឹងពីចំណេះដឹងទូទៅពីប្រវត្តិសាស្រ្តរបស់កម្ពុជាយើង ជាពិសេសសុខសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំនៅកម្ពុជា និងការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងភាពជោគជ័យថ្មីៗរបស់កម្ពុជា ដូចជាការគ្រប់គ្រងបានយ៉ាងជោគជ័យជំងឺកូវីដ១៩ ភាពជោគជ័យមិនធ្លាប់មាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា ភាពអស្ចារ្យនៃការរៀបចំកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា ដែលកម្ពុជាខកខានមិនធ្លាប់ធ្វើអស់រយ:ពេល៦៤ឆ្នាំមកហើយ ដើម្បីណែនាំមិត្តភក្តិបរទេសរបស់យើងឱ្យបានដឹង និងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។
*ទី៤៖ ធ្វើជាឯកអគ្គរាជទូត នៃទំនាក់ទំនងមិត្តភាព សេដ្ឋកិច្ច វិនិយោគ សង្គម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងជប៉ុន ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី ដោយម្នាក់ៗសុទ្ធតែជាមន្ត្រីរាជការមកពីតាមក្រសួង ស្ថាប័នដូច្នេះទំនាក់ទំនងមិត្តភាពមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចយើងឲ្យកាន់តែល្អប្រសើរ ជាពិសេសណែនាំមិត្តភក្តិជប៉ុន ឲ្យស្គាល់ពីតំបន់ទេសចរណ៍ល្បីៗនៅកម្ពុជា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ធម្មជាតិនានា និងអញ្ជើញពួកគាត់មកទស្សនានៅប្រទេសយើង ហើយកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍មិត្តភក្តិជប៉ុនទាំងអស់។
*ទី៥៖ រៀនស្គាល់ពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្លះៗរបស់ប្រទេសជប៉ុន ដើម្បីងាយស្រួលរស់នៅ និងសម្របខ្លួន ក៏ដូចជាត្រូវស្វែងយល់ពីយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំជោគជ័យរបស់ប្រទេសជប៉ុនទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជនដូចជា Toyota Way, ប្រព័ន្ធ 5S, Kaizen, Lean Process & SECI Model ជាដើម។
*ទី៦៖ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ និងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែមានកម្រិតខ្ពស់ ក្នុងនាមតំណាងជាតិខ្មែរមួយរូបៗ ដើម្បីឲ្យនិស្សិតបរទេសបានស្គាល់ទង់ជាតិយើង តាមរយ:ភាពតំណាងជានិស្សិតរបស់យើងនៅតាមសាកលវិទ្យាល័យនីមួយៗ។
*ទី៧៖ យកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងអស់ ដែលបានពីការរៀនសូត្រទាំងក្នុងសាកលវិទ្យាល័យ និងនៅក្នុងសង្គមជប៉ុន ជាក់ស្តែងយកមកអនុវត្តឲ្យចំគោលដៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ បង្កើនសមត្ថភាពរបស់ខ្លួនពេលត្រឡប់មកវិញដើម្បីបម្រើជាតិ មាតុភូមិរបស់យើងឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់ក្រសួង ស្ថាប័នរៀងៗខ្លួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលថាបច្ចុប្បន្ននេះ ធនធានមនុស្ស គឺជាកត្តាចលករសំខាន់ទី១ ក្នុងកត្តាចលករទាំង៤ (មនុស្ស ទឹក ផ្លូវ ភ្លើង) ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងមាតុភូមិជាទីស្នេហានៃយើង។
ជាចុងក្រោយ លោកបណ្ឌិត ហេង សុខគង់ និងថ្នាក់ដឹកនាំក្រសួង បានជូនពរដល់និស្សិតជ័យលាភីទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងបានប្រគល់ថវិកាលើកទឹកចិត្តរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី និងថវិការបស់លោកបណ្ឌិតផ្ទាល់ ព្រមទាំងក្រម៉ាខ្មែរមួយចំនួនជូនដល់និស្សិតទាំងអស់ផងដែរ៕