(បាត់ដំបង)៖ លោក សុខ លូ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់លោកស្រី ឌី សាម៉េត អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកសំឡូត និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន៥គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន១គ្រួសារ និងគ្រួសារក្រីក្រ ចំនួន៤គ្រួសារ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។
ក្នុងឱកាសនោះ លោកស្រី ឌី សាម៉េត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនាមអនុសាខាស្រុក បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងរងគ្រោះ ទាំងប្រជាពលរដ្ឋមិនរងគ្រោះ សូមបង្កើននូវការប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សា សូមមើលនៅជុំវិញផ្ទះចូលរួមកម្ចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះតាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬ វត្ថុប្រើប្រាស់ផ្សេងៗឲ្យបានស្អាត។
អំណោយផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ និងថវិកាមួយចំនួន ព្រមទាំងផ្តល់ជូនថវិកាចំនួន១០ម៉ឺនរៀល អង្ក៥០គីឡូក្រាម ទឹកស៉ីអ៉ីវ១យួរ ទឹកសុទ្ធ៣យួរ មុង២ និងឃីត១មាន សាប៊ូម្សៅ២ថង សាប៊ូដុំ ២ដុំ អាកុល២ដបតូច ម៉ាស១ប្រអប់ សារ៉ុង១ ក្រមា១ សំឡីអនាម័យ៤ដុំ និងថ្នាំដុសធ្មេញ ច្រាស់១កំប្លេ និងថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកគ្រួសារក្រីក្រ ចំនួន៤គ្រួសារ ទទួលបានអង្ក២៥គីឡូក្រាមមុង១ និងឃីត១កញ្ចប់ផងដែរ៕