(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការចរចាសំណង ដោយមានការចូលរួមពីអនុប្រធាន សមាជិកនៃគណៈកម្មការ។

លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលគ្រប់ភាគីពាក់ព័ន្ធទំាងអស់បានខិតខំ និងសម្រេចបាននូវការព្រមព្រៀងគ្នាលើសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឲ្យដំណើរការជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ ដោយរលូនតាមការគ្រោងទុក។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានសម្របសម្រួលជាមួយក្រុមហ៊ុន AIAI ដើម្បីទទួលយកបុគ្គលិកដែលកំពុងបម្រើការនៅអាកាសយានដ្ឋានបច្ចុប្បន្នទាំងអស់ ទៅធ្វើការនៅអាកាសយានដ្ឋានថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ ការណ៍នេះ បានធ្វើឲ្យបុគ្គលិកមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះ ត្រូវបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ សម្តេចវិបុលបញ្ញា សុខ អាន និងសមភាគីចិន ក្រុមហ៊ុន AIAI ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងដែលមានសារៈសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច មិនត្រឹមនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺជំរុញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសត្រូវបានប្រសិទ្ធនាមដោយសម្តេចតេជោថា ជា «ជាតារារះនាទិសឧត្តរ» ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕