(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានរៀបចំពិធីទទួលទានអាហារពេលល្ងាចលាគ្នាជូនលោក នោ ហ្យន់ជូន (Mr. Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលចប់អាណត្តិនៅកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងពេលប្រារព្ធពិធីទទួលទានអាហារពេលល្ងាចលាគ្នានោះ លោក នោ ហ្យន់ជូន បានឆ្លៀតឱកាសបង្ហាញពីការយល់ឃើញ និងចំណាប់អារម្មណ៍ចំពោះការកាន់តំណែងរយៈពេល៤ឆ្នាំរបស់លោកនៅកម្ពុជា។

ជាពិសេសលោក បានកោតសរសើរដល់អាជ្ញាធរមីន ចំពោះជោគជ័យក្នុងការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ជាមួយនឹងវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។ លោកក៏បានអបអរសាទរដល់អាជ្ញាធរមីន អំពីផែនការធ្វើជាម្ចាស់ផ្ទះ «សន្និសីទពិភពលោកជំនួយជនរងគ្រោះលើកទី៣» ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ចំណែក លោកទេសរដ្ឋមន្ដ្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃបេសកកម្មរយៈពេល៤ឆ្នាំរបស់លោក នោ ហ្យន់ជូន នៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារកយកា និងអាជ្ញាធរមីន។

លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងសម្រាប់ភាពជោគជ័យនៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។

ភាគីពាក់ព័ន្ធទាំងពីរ បានទទួលស្គាល់អំពីសក្តានុពលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតលទ្ធផលជាក់ស្តែង ដែលនឹងធានានូវភាពជោគជ័យ នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលបានចូលរួមជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព៕