(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៣០០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២២៧នាក់ និងមន្ដ្រី ៧៣នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។
សម្រាប់ការងារពាក្យប្ដឹង ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្តឹងដែលមានក្នុងខែកក្កដា ចំនួន ៣១ពាក្យប្ដឹង។ ការងារអប់រំ ACU បានផលិតរូបភាព និងវីដេអូ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយតាម ប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាជារៀងរាល់សប្ដាហ៍។
អំពីការបង្ការ ទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមពិនិត្យ ការបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម រណ្តៅដីនៅខេត្ត កណ្តាល ព្រមទាំងបានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និងខេត្តព្រៃវែង។ ក្រៅពីនេះ ACU បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន៩០ គម្រោងរបស់អង្គភាពលទ្ធកម្ម ចំនួន៣៧។
ជាមួយគ្នានេះដែរ ACU បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងវិន័យ និងបញ្ជ្រាបបទបញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព ជូនមន្ត្រីរបស់ខ្លួនចំនួន ១១៧ រូប។ ក្រៅពីនេះ មន្ត្រី អ.ប.ព. ចំនួន ៤៦រូប បានទទួលការ បណ្តុះបណ្តាលស្តីពី អំពើពុករលួយឥតដែនកំណត់ តើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេចដើម្បីដោះស្រាយអំពើពុករលួយ តាមអនឡាញរយៈពេល១ថ្ងៃ ពីទីក្រុងហុងកុង ដោយបានសហការ រៀបចំដោយសមាគមអន្តរជាតិ នៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AAC) និងដៃគូសហការ ប្រឆាំងអំពើពុករលួយអឺរ៉ុប (EPAC/EAGN)។
ក្រុមសិក្សាស្រាវជ្រាវ ACU (ART) បានសហការជាមួយមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធបោះឆ្នោត (IFES) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរំលោភលើការប្រើប្រាស់ធនធានរបស់រដ្ឋ ជូនមន្ត្រី ACU ចំនួន ៩០រូប ដែលឧទ្ទេសនាមដោយអ្នកជំនាញការផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងជាទីប្រឹក្សាសុចរិតភាពព័ត៌មានវិទ្យា និងអ្នកជំនាញបដិវត្តកម្មឌីជីថលក្នុងតំបន់ នៃសម្ព័ន្ធប្រឆាំងអំពើពុករលួយដើម្បីតម្លាភាពនៃអង្គការ IFES។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្ត ACU ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារ ល្អប្រសើរថែមទៀត ព្រមទាំងបានផ្តល់មតិយោបល់ អនុសាសន៍ និងព័ត៌មានសំខាន់ៗដ៏មានតម្លៃដល់ ACU សម្រាប់ ជាចក្ខុវិស័យក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕