(ភ្នំពេញ)៖ ជនសង្ស័យ៦នាក់ដែលជាមុខសញ្ញាចោរកម្មននិងឆក់កាបូបយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងទៅកាន់តុលាការ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដើម្បីបន្តការសួរនាំចាត់វិធានការបន្តទៀត។
ជនសង្ស័យទាំង៦នាក់រួមមានទី១- ឈ្មោះ សយសុវណ្ណឩត្ដមរង្សី អាយុ២៦ឆ្នាំ មុខរបររៀនជួសជុលទូរស័ព្ទ ទីលំនៅខណ្ឌសែនសុខ ទី២- ឈ្មោះ សេង សុខលាង អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅសង្កាត់បឹងកក់ខណ្ឌទួលគោក ទី៣- ឈ្មោះ ហ៑ាង ម៉េងលាង អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃក្របៅស្រុកខ្សាច់កណ្តាល ទី៤- ឈ្មោះ លី មិញ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះទីលំនៅ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ទី៥- ឈ្មោះ ហួរ វណ្ឌឌី អាយុ២២ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅភូមិអរីយ៍ក្ស័ត្រ ខេត្តកណ្តាល និងទី៦- ឈ្មោះ ទឹម ពុធសំណាង អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីម៉ោង១៥រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងលោកបានចុះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពី លោក សៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឈានទៅបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់មានចំនួន៨នាក់នៅចំណុចផ្ទះសំណាក់មួយ ស្ថិតនៅភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកបន្តទៀតថាក្រោយពីយកមកធ្វើការសាកសួរឃើញថាក្នុងចំណោមជនសង្ស័យទាំង៨នាក់ខាងលើ គឺមាន២នាក់មិនមានពាក់ព័ន្ធនិងបទល្មើសខាងលើក៏ធ្វើការអប់រំអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកជនសង្ស័យ៦នាក់ ជាប់ពាក់ព័ន្ធបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕