(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងក្រចេះ រួមសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួនមកវេប្រគេនដល់ព្រះសង្ឃចំនួន ១២វត្ត នៅក្នុងក្រុងក្រចេះ ពិធីប្រព្រឹត្តទៅនៅក្នុងវត្តពោធិសត្ថារាម (ហុងឡាំ) សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
លោក វ៉ា ថន បានលើកឡើងថា តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គ-គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។ ការជួបជុំប្រារព្វកម្មវិធីបុណ្យនៅពេលនេះ គឺស្តែងឱ្យឃើញពីសាមគ្គីភាព និងកក្តាសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធាសម្បូរសប្បាយ ដោយមិនមានភាពភ័យខ្លាចពីសន្តិសុខ សុវត្ថិភាព ក្នុងការគោរពប្រណិបត្តិទៅតាមគន្លងប្រពៃណីសាសនារបស់ខ្លួន។
លោកអភិបាលខេត្តក្រចេះ បានគូសបញ្ជាក់បន្ថែមថា «យើងទាំងអស់គ្នាក៏កំពុងសប្បាយរីករាយ និងទទួលបាននូវយុទ្ធសាស្រ្តដឹកនាំប្រទេសជាតិថ្មីមួយទៀត នៃអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្មីក្នុងគោលនយោបាយបញ្ចកោណ ដែលនឹងរៀបចំឡើងនាពេលខានមុខ ហើយប្រទេសជាតិយើងនឹងកាន់តែសម្បូរសប្បាយរុងរឿងបន្ថែមទៀត នូវការទទួលបានភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងសម័យឌីជីថល»។
ក្នុងនោះដែរ លោកក៏បានថ្លែងអំណរអរគុណចំពោះប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានចូលរួមបំពេញការតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការបោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំប្រទេសប្រកបដោយស្មារតីភាពជឿជាក់ក្តីសង្ឃឹមពេញចិត្ត និងការចូលរួមរក្សសន្តិសុខសណ្តាប់ធ្នាប់ និងសូមឱ្យបងប្អូននៅតែបន្តគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រួមនឹងថែរក្សាការពារសុខសន្តិភាពឱ្យឆ្ពោះទៅភាពជោគជ័យរីកចម្រើនតទៅមកជាមួយគ្នា។
គូបញ្ជាក់ថា បច្ច័យដែលប្រគេនព្រះសង្ឃក្នុង១វត្ត ទទួលបានទានចំណាំព្រះវស្សា១គូ ទេយ្យទាន ទេយ្យវត្ថុ រួមនិងបច្ច័យចំនួន ៦០ម៉ឺនរៀល ជូនលោកតាជី យាយជី ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ ក្រមា១ និងថវិកា ៣ម៉ឺនរៀលផងដែរ៕