(ភ្នំពេញ)៖ លោក ចេស៊ី ម៉ាខល គឺជាអ្នកវិនិយោគទុន ដែលបានរស់នៅស្រុកខ្មែរជាង ២០ឆ្នាំមកហើយ ដោយលោកបានធ្វើការងារជាច្រើនមានដូចជា កិច្ចការសប្បុរសធម៌ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងការចំណាយទាំងថវិកាផ្ទាល់ខ្លួនសកម្មភាពផ្សេងៗមួយចំនួនទៀត។
លោកបានមកដល់ស្រុកខ្មែរតាំងពីគាត់នៅវ័យក្មេង ហើយបានក្លាយទៅជាគ្រូបណ្ដុះបណ្ដាល ដែលមានការទទួលស្គាល់តាំងពីជំនាន់ឆ្នាំ៩០ជាង រហូតដល់ឆ្នាំ២០០០។
ក្នុងពេលនោះគាត់បានបណ្តុះបណ្តាលកូនសិស្សរាប់ម៉ឺននាក់ ពួកគេបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល របស់លោកគ្រូ ចេស៊ី ម៉ាខល តាំងពីជំនាន់ដែលអត់ទាន់មានបណ្ដាញសង្គមបណ្ដាញផ្សព្វផ្សាយមកម្ល៉េះ។
បន្ទាប់មកលោក ចេស៊ី បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក របស់អង្គការមួយឈ្មោះ កសាងមូលដ្ឋានជីវិតថ្មី និងចូលរួមក្នុងការធ្វើកិច្ចការសប្បុរសធម៌ និងកិច្ចការងារអាជីវកម្មទូទាំងប្រទេស។
ស្នាដៃរបស់លោក ចេស៊ី ទទួលបានការទទួលស្គាល់ទាំងនៅក្នុងប្រទេស រហូតដល់ក្រៅប្រទេស ហើយមានមនុស្សរាប់ម៉ឺននាក់ ដែលបានទទួលប្រយោជន៍ តាមរយៈការដឹកនាំរបស់ លោក ចេស៊ី។ កាលពីដំបូងឡើយលោកក៏បានវិនិយោគទុន និងប្រកបអាជីវកម្មផងដែរ។
លោក ចេស៊ី មានគោលបំណងដ៏ធំមួយ គឺនាំអ្នកវិនិយោគទុនពីក្រៅប្រទេសមកវិនិយោគទុន នៅប្រទេសកម្ពុជា។ លើសពីនោះទៀតលោក ចេស៊ី ក៏ឧស្សាហ៍ចែករំលែកបំណិនជីវិត ផ្សេងតាមរយៈបណ្ដាញសង្គម ហើយក៏មានអ្នកគាំទ្រជាច្រើនផងដែរ។
ថ្មីៗនេះ លោក ចេស៊ី ទទួលបានសញ្ជាតិខ្មែរហើយ។ លោកបាននិយាយថា «ខ្ញុំចាត់ទុកថាជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានមានឱកាស ដើម្បីចូលជាសញ្ជាតិខ្មែរ ដោយសារបេះដូងរបស់ខ្ញុំទៅជាខ្មែរអស់ហើយ ហើយខ្ញុំក៏ចង់ចោលឆ្អឹងនៅទីនេះដែរ»។
លោកសូមគោរពថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ផ្សេងទៀត ដែលបានរៀបចំឱ្យលោកទទួលបានសញ្ជាតិខ្មែរ។
លោក ចេស៊ី ម៉ាខល តែងតែនិយាយថា ខ្លួនជឿជាក់ទៅលើជោគវាសនានៃប្រទេសកម្ពុជា ជាពិសេសសក្តានុពលរបស់ប្រជាជនកម្ពុជា។ ហើយលោកតែងតែសរសើរ និងគាំទ្ររដ្ឋាភិបាលប្រទេសកម្ពុជា ដែលបាននាំការអភិវឌ្ឍ និង សុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ជូនដល់ប្រជាជនកម្ពុជា ហើយការគាំទ្រនេះកើតចេញពីរការដែរលោកបានឃើញ និងបានឆ្លង កាត់ការអភិវឌ្ឍ ហើយបានឃើញភាពសុខសន្តិភាពជាក់ស្ដែង ដែលកើតមានឡើងនៅប្រទេសកម្ពុជា៕