(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយនិវត្តន៍ជនរបស់អគ្គិសនីកម្ពុជាចំនួនជាង ៧០០នាក់ ដោយមានការឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក៏មានការជួបជាមួយក្រុមគ្រួសារជាង ១០គ្រួសារ ដែលមានកូនចៅពលី ក្នុងពេលបំពេញការងារផងដែរ។
លោក កែវ រតនៈ បានបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីជួបជុំសំណេះសំណាលនេះ ដើម្បីជាការដឹងគុណ និងថ្លែងអំណរគុណដល់រៀមច្បង ដែលជានិវត្តន៍ជនរបស់អគ្គិសនីកម្ពុជា ដែលពួកគាត់បានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយគណបក្សប្រជាជនកម្ពុជា កសាងឱ្យមានសន្តិភាព និងការអភិវឌ្ឍចាប់ផ្តើមពីបាតដៃទទេ តាំងពីក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មក។
លោករដ្ឋមន្ត្រីបានលើកឡើងថា «កាលពីពេលពួកគាត់ចាប់ផ្តើម ការងារតាំងពីក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក មិនមានប្រាក់ខែនោះទេ ហើយសិនជាមានប្រាក់ខែ គឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែឆន្ទះ និងការតស៊ូ តាមគន្លងរបស់សម្តេចតេជោ ហ៊ុន សែន ទើបនិវត្តន៍ជនទាំងនោះ បានជួយកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ពិសេសវិស័យអគ្គិសនី តាំងពីបាតដៃទទេ រហូតដល់ភូមិចំនួន៩៨ភាគរយ ទូទាំងប្រទេស មានអគ្គិសនីពីបណ្តាញជាតិ ហើយខ្នងផ្ទះជាង៩០ភាគរយ បានទទួលអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិរួចរាល់ហើយ»។
លោកបន្តថា «គុណសម្បត្តិទាំងអស់នេះ កូនចៅជំនាន់ក្រោយ ដែលជាអ្នកបន្តវេនរបស់អគ្គិសនីកម្ពុជា វិស័យថាមពល គឺនៅតែបន្តប្រឹងប្រែងយកសមិទ្ធផល ដែលរៀបច្បងបានកសាងពីមុនៗមកមិនឱ្យបាត់បង់ ហើយថែមទាំងព្រួតដៃគ្នា រក្សានូវអ្វីដែលពួកគាត់ខិតខំប្រឹងប្រែងពីមុនៗមក កាន់តែក្លាយទៅជាគ្រឹះនៃការអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនី ឱ្យកាន់តែមានការរីកចម្រើន និងក្លាយជាកាតាលិកជួយឱ្យមានការរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើនទៅមុខ»។
សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែ បើទោះបីជា ភូមិទាំង ២៤៥ នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕