(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ) បានលើកឡើងថា ការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព ហើយត្រូវនឹងតម្រូវការទីផ្សារ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញវិនិយោគ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកបន្តថា ដូចនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ នឹងចូលរួមជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីកសាងធនធានមនុស្ស ដែលមានចំណេះ និងជំនាញខ្ពស់ ក្នុងគោលដៅបង្កើនមានភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចអតិ-ពលកម្ម ទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ។

ការលើកឡើងរបស់លោកបណ្ឌិត ផាន់ ផល្លា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាបរធនបាល នាថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមូលនិធិអភិវឌ្ឍន៍ជំនាញ បានប្រែក្លាយជាបរធនបាល (Trust Fund) តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ហើយកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យសមិទ្ធផលការងារសំខាន់ៗ ព្រមទាំងកំណត់ទិសដៅយុទ្ធសាស្ត្រ និងសម្រេចលើផែនការការងារអាទិភាពសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៣។

កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធាន និងសមាជិកចំនួន ០៩ រូបផ្សេងទៀត មកពី ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:, ក្រសួងអប់រំ យុវជន និងកីឡា, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, និងសហព័ន្ធទេសចរណ៍កម្ពុជា។

ជាសាវតា រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញ និងទទួលស្គាល់ថាការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ និងអោយត្រូវនឹងតម្រូវការសេដ្ឋកិច្ចជាតិទាំងបរិមាណ និងគុណភាព ជាគោលដៅអាទិភាពសម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតការងារប្រកបដោយជំនាញ និងមានបៀវត្សន៍ខ្ពស់ដល់ពលរដ្ឋកម្ពុជា។

អនុឡោមតាមគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រែក្លាយគម្រោងសាកល្បងមូលនិធិអភិវឌ្ឍជំនាញ ដែលបានបង្កើតតាំងពីខែមីនា ឆ្នាំ២០១៨ អោយទៅជាបរធនបាល (Trust Fund) ដែលមានឈ្មោះថា មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) កាលពីខែ ឧសភា ឆ្នាំ២០២៣ នេះ។ ម.អ.ជ. មានចក្ខុវិស័យ ក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញអោយត្រូវនឹងតម្រូវការឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចអោយបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល ។

ម.អ.ជ បានផ្តល់ថវិកាបដិភាគ សម្រាប់គម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន ១០០ គម្រោង ដែលមានថវិកាបដិភាគ ៥,៩ លានដុល្លារ (ស្នើនឹង ៥០%នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១១,៧ លានដុល្លារ) និងសិក្ខាកាមសរុបចំនួន ១១ ៣០៩ នាក់ (ក្នុងនោះ ៤ ១៤៤ ឬ ៣៧%ជាស្ត្រី) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ។

ក្រោយពីបានពិភាក្សាយ៉ាងផុះផុល ក្រុមប្រឹក្សាបរធនបាលបានអនុម័តលើកិច្ចការចម្បងៗដូចខាងក្រោម៖
១៖ គោលការណ៍គ្រឹះ ដើម្បីតម្រង់ការងាររបស់ ម.អ.ជ. រួមមាន៖ ជំរុញការបណ្តុះបណ្តាលជំនាញឱ្យត្រូវនឹងតម្រូវការ (Demand-driven), ធានា និងបង្កើនតម្លៃនៃលុយ (Value for Money) និងបំពេញការងារដោយផ្អែកលើលទ្ធផល (Performance-based)

២៖ ការរៀបចំ និងប្រព្រឹត្តទៅ នៃអង្គភាពប្រតិបត្តិ ម.អ.ជ ដែលដឹកនាំដោយនាយកប្រតិបត្តិ ត្រូវមានវិជ្ជាជីវៈ (lean and professional organization) ដែលអាចទាក់ទាញអ្នកមានទេពកោសល្យ និងបំពេញកិច្ចការប្រកបដោយប្រសិទ្ធិភាពជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

៣៖ ការរៀបចំនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP)ដោយផ្អែកលើបទពិសោធន៍កន្លងមក និងនិយាមអន្តរជាតិ ។

៤៖ ផែនការកម្មវិធីអាទិភាព និងផែនការថវិកាសម្រាប់ឆមាសទី២ ឆ្នាំ ២០២៣ ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់ ម.អ.ជ. ។

លោកបណ្ឌិត ផាន់ ផល្លា បានស្នើសុំឱ្យឯកឧត្តម លោកឧកញ៉ា លោកបណ្ឌិត ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ចូលរួមជ្រុំជ្រែង, ជំរុញ និងសម្របសម្រួលការងារអាទិភាពរបស់ ម.អ.ជ. ជាពិសេសផ្តល់កិច្ចសហការដល់អង្គភាពប្រតិបត្តិ ម.អ.ជ. ដែលដឹកនាំដោយនាយកប្រតិបត្តិ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន៕