(ស្ទឹងត្រែង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង សហការជាមួយមូលនិធិជាតិជំនួយសង្គម ក្រោមការឧបត្ថម្ភពីយូនីសេហ្វ បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច បានឲ្យដឹងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ដែលបានយកចិត្តទុកដាក់ ក្នុងការជួយបណ្តុះបណ្តាលជំនាញ ដល់មន្រ្តីមូលនិធិជាតិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងបានសម្របសម្រួលឲ្យមានកម្មវិធី និងកិច្ចសហប្រតិបត្តិការ ការគាំទ្រនានាពីអង្គការដៃគូរមិនមែនរដ្ឋាភិបាល សមាគមនានា ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដំណើរការអភិវឌ្ឍកម្មវិធីជាច្រើន ពាក់ព័ន្ធទៅនឹងការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាពិសេសការអនុវត្តន៍គោលនយោបាយចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះរួមមាន៖ ជនចាស់ជរា, ស្ត្រីមេម៉ាយ, ជនពិការ, កុមារកំព្រា និងជនផ្ទុកមេរោគអេដស៍ជាដើម។
លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ជាពិសេសអភិបាលខេត្ត ដែលបានគាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់មូលនិធិជាតិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចខេត្ត ក្នុងការអនុវត្តនូវគ្រប់សកម្មភាពការងារ និងសូមអរគុណចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពនានា ដែលបានចូលរួមសហការអនុវត្តការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកស្រី កែវ សាវឿន បានលើកឡើងថា កម្មវិធីជំនួយសង្គមនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាល និងវគ្គរំលឹកថ្ងៃនេះ គឺចាំបាច់ណាស់ សម្រាប់ជាការពង្រឹង និងពង្រីកសមត្ថភាព ជូនលោក លោកស្រី នាងកញ្ញា ដែលជាមន្ត្រីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុង ស្រុក ដែលជាតួអង្គសម្របសម្រួល។
លោកស្រី បានបញ្ជាក់ទៀតថា កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវការឧបត្ថម្ភសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយ ក្នុងការជំរុញលើកទឹកចិត្ត ដល់អ្នកទទួលផលឲ្យជ្រើសយកសេវាសុខភាព របស់មូលដ្ឋានសុខាភិបាលសាធារណៈ ពិសេសនោះ គឺបាននិងកំពុងជំរុញការផ្លាស់ប្តូរឥរិយាបទរបស់ក្រុមគោលដៅ តាមរយៈការផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហាររូបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់៕