(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ច អតីតយុត្តិជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង បាក់ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា លោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទា ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងនាមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសម្បទាខេត្តកំពង់ឆ្នាំង និងក្នុងនាមរូបលោកផ្ទាល់ពិតជាមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនាពេលនេះ។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងអភិវឌ្ឍន៍សមត្ថភាពបន្ថែម លើនីតិវិធីនៃការអនុវត្ត និងការឧបត្ថម្ភតាមអត្រាថ្មីរបស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់រដ្ឋបាលឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុង ស្រុក ដែលជាតួអង្គសម្របសម្រួល។ វគ្គបណ្ដុះបណ្ដាលក្នុងថ្ងៃនេះ នឹងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីមានតម្លាភាពគណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់។

លោក ឈាង បាក់ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អំពីការដំឡើងអត្រាឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងដោយមានការណែនាំចង្អុលបង្ហាញពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លោកបានដឹកនាំនាយកដ្ឋានជំនាញ នៃមូលនិធិជាតិជំនួយសង្គមរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួល និងការបំពេញបន្ថែម នៃអនុក្រឹត្យលេខ២៤៥ អនក្រ.បកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះមិនត្រឹមតែផ្ដល់នូវសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នកទទួលផល ឲ្យទទួលយកសេវាសុខភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជាជម្រើសដំបូង ពិសេសទៀតនោះ គឺបាននិងកំពុងជំរុញការផ្លាស់ប្ដូរឥរិយាបទរបស់ក្រុមគោលដៅតាមរយៈការផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភ សម្រាប់កម្មវិធីឧបត្តមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយ អ.គ.ន.ក ឃុំ សង្កាត់៕