(ស្វាយរៀង)៖ បុគ្គលិក និងសន្តិសុខក្រុមហ៊ុនបាវិត ដាយអឹមិន កាស៊ីណូ ហូថែល បានប្រទះឃើញបុរសម្នាក់ដេកស្លាប់ សង្ស័យគាំងបេះដូង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលត្រូវបានប្រទះឃើញដេកស្លាប់នេះឈ្មោះ ឈុំ ចាន់ឌី អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិតាក្រិត ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាល នៃមន្ទីពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព។
តាមការសន្និដ្ឋានផ្អែកការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាល នៃមន្ទីពេទ្យបង្អែកជីភូ អាចសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីពុំសូវមានអ៊ុកស៊ីសែន នៅក្នុងឈាមទៅចិញ្ចឹមខួរក្បាល។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕