(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់បក្ខពួកក្រុមចោរប្លន់វះទូកុងតឺន័រ ប្លន់យកទ្រព្យសម្បត្តិ កាលពីពេលកន្លងទៅ ដែលករណីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ជនបរទេស ជាពិសេសអ្នករកសីុ នាំផលិតផលចេញពីកម្ពុជា។
លោកអនុសេនីយ៍ឯក សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងរបស់លោក តាមចាប់ខ្លួនខាងលើនេះមានឈ្មោះ នាង ពិតូ អាយុ២១ឆ្នាំ មុខរបរបើកឡានក្រុមហ៊ុន STL បានចូលរួមធ្វើសកម្មភាព វះទូកុងតឺន័រយកសម្ភារៈ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ក្រុមហ៊ុនដឹកជញ្ជូន PCF នៅចំណុចស្រុកកំពង់សីលា ហើយបានរត់គេចខ្លួន។
មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា «ក្រុមចោរទាំងនេះ បានរួមគ្នាធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅក្នុងទូកុងតឺន័រ ដែលគ្រោងនាំចេញទៅក្រៅប្រទេស ហើយបានរត់គេចខ្លួន ប៉ុន្តែកម្លាំងរបស់យើង បានខិតខំដោយដុតដៃដុតជើងយ៉ាងខ្លាំងទំរាំតាមចាប់បាន»។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕