(ភ្នំពេញ)៖ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ទាំងអស់ នៅមូលដ្ឋានក្រុងបាវិត រហូតទទួលបានការគាំទ្រលើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅក្រុងបាវិត គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្សសង្កាត់ទាំងអស់នៅក្រុងបាវិត ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ថវិកា និងធនធានក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រា ទោះបីមេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងក្រុងបាវិត ឲ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ទន្ទឹមនឹងនេះ ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា និងបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការ អនុវត្តនូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក្រុងបាវិតទាំងមូល ដែលស្រឡាញ់ គាំទ្រ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ តាមលទ្ធផលជាបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទួលបានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងអត្រា៨១,៦១%។
ខ្ញុំបាទ និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្រុងបាវិត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ និងគាំទ្រយ៉ាងក្លៀវក្លា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នេះ។
ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ប្រសិទ្ធនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងក្រុងបាវិតសូម បានភពប្រសប់តែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ»៕