(រតនគិរី)៖ នៅថ្ងៃសុក្រទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីអារាមនានាក្នុងខេត្តរតនគិរី ចំនួន៣៦វត្ត នៅទូទាំងខេត្តសម្រាប់ ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅតាមវត្តនីមួយៗ ក្នុងរយៈពេល០៣ខែ។ ពិធីប្រគេនព្រះវស្សានេះប្រារព្ធឡើងនៅវត្ត ឥសាន្តរតនារាម (វត្តភ្នំស្វាយ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
នាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យសាសនារបស់ខ្មែរតាំងពីដូនតា នៃបុព្វបុរសរបស់យើង ហើយបុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលជារដូវដែលមានភ្លៀងធ្លាក់ជោគជាំ ជាហេតុធ្វើឱ្យព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត្របានក្នុងរយៈពេល៣ខែ។ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកនូវសទ្ធាជ្រះថ្លាចូលរួមក្នុងវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា ទេយ្យវត្ថុ និងទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តរតនគិរី ក្នុងមួយវត្តទទួលបាន៖
១-ទៀនវស្សា១គូរ
២- អង្ករ ១០០គីឡូក្រាម
៣-មី ១កេសធំ
៤-អំបិល ១០គីឡូក្រាម
៥-ទឹកសុីអុីវ ១យួរ
៦-ត្រីខ ៣ យួរ
៧-ទឹកត្រី ១ យួរ
៨-ប្រេងឆា ៥ លីត្រ
៩-ប៊ីចេង ២កញ្ចប់
១០-បច្ច័យ ១០មុឺនរៀល៕