(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានថ្លែងថា លោកនឹងជួយសម្រួលដល់ពលករខ្មែរ ដែលបម្រើការងារនៅក្នុងប្រទេសថៃ ឲ្យបានចុះឈ្មោះបោះឆ្នោតប្រសិនបើមានសំណើពីគណៈកម្មាថិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការថ្លែងបញ្ជាក់របស់លោក អ៉ិត សំហេង គឺឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងស្នើឲ្យក្រសួងការងារជួយសម្រួលដល់ពលករខ្មែរ ឲ្យបានចូលរួមចុះឈ្មោះបោះឆ្នោត ដែលនឹងធ្វើនៅអំឡុងខែកញ្ញា ខាងមុខនេះ។ គណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានចេញលិខិតទៅ គ.ជ.ប ផងដែរ ឲ្យរៀបចំការិយាល័យនៅតាមព្រំដែន ដើម្បីឲ្យពលករខ្មែរនៅថៃ បានមកចុះឈ្មោះបោះឆ្នោត ក៏ដូចជាបានចូលរួមបោះឆ្នោត។
លោក អ៉ិត សំហេង បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថា «ចំពោះរឿងនេះ យើងត្រូវតែធ្វើទៅតាមច្បាប់ស្ដីពី ការបោះឆ្នោត បើច្បាប់តម្រូវឱ្យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឯណា គឺយើងត្រូវអនុវត្តតាម ព្រមទាំងអនុវត្តឱ្យស្របតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក្រសួងការងារចាំតែសម្រួលតាមសំណូមពររបស់ គ.ជ.ប ទេ»។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវកាតព្វកិច្ច និងសិទ្ធិសេរីភាព ក្នុងជ្រើសរើសថ្នាក់ដឹកនាំតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន៕