(ភ្នំពេញ)៖ លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។

ការលើកឡើងនេះបានធ្វើឡើង ពេលលោកស្រីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ សូមបញ្ជាក់ថា សាធារណរដ្ឋស៊ីប ​មាននិវេសនដ្ឋាន​នៅទីក្រុងប៉េកាំងនៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងដំណើរការស្វែងរកសុខសន្តិភាពពេញលេញក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាបិតាសន្តិភាព។ ក្រោមនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាទាំងមូល បានឯកភាពជាតិ ហើយប្រជាពលរដ្ឋទាំងអស់បានរួមរស់ជាជាតិខ្មែរតែមួយប្រកបដោយសុខដុមរមនា។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្រោយបញ្ចប់សង្រ្គាមសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយកចិត្តទុកខ្ពស់លើការស្តារឡើងនូវសេដ្ឋកិច្ចសង្គម រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរ និងធូរធារជាមុន។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមាននូវច្បាប់វិនិយោគ និងគោលនយោបាយជាតិសំខាន់ៗដទៃទៀត ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងសម្រួលដល់ដំណើរការធុរកិច្ចនៅកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគិនទទួលបាននូវភាពកក់ក្តៅ និងឱកាសដ៏ច្រើនលើសលប់សម្រាប់ការរកស៊ីនៅកម្ពុជា ព្រមទាំងបានប្រែក្លាយកម្ពុជា ជាផ្ទះទីពីររបស់ខ្លួងផងដែរ។

ដោយឡែកសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដីរាប់ម៉ឺនហិកតា ចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងផ្តល់ដីប្រកបដោយសុវត្ថិភាពសម្រាប់ការតាំងលំនៅឋាន កសិកម្ម និងការស្តារឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម។

ជាមួយនឹងបទពិសោធន៍ និងជំនាញដ៏ច្រើនរបស់កម្ពុជាផែ្នកបោសសម្អាតមីន និងក្នុងនាមជាប្រទេសធ្លាប់រងគ្រោះដោយសារសង្រ្គាម រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ជូន កងកម្លាំងរក្សាសន្តិភាពជាង៨០០០នាក់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពដល់ប្រជាជនក្នុងប្រទេសចំនួន៩ នៅលើពិភពលោក ក្នុងនោះរួមមានសាធារណរដ្ឋស៊ីបផងដែរ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ៕