(កណ្តាល)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង តំណាងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងអរិយក្សត្រ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៥ និងសាលាបុណ្យចំនួន១ នៅក្នុងក្រុងអរិក្សត្រ ខេត្តកណ្តាល។

ទានព្រះវស្សាបច្ច័យ និងទ័យវត្ថុបានប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តឃ្លាំងមឿង រតនារាម វត្តព្រហ្មចារីយ៍ (វត្តព្រែកក្របៅ) វត្តព្រែកអំពិល និងវត្តប្រាសាទ ទួលអណ្តូងមានជ័យ ក្នុងឃុំព្រែកអំពិល និងវត្តកន្ទីយ៉ារ៉ាម និងវត្តព្រែកលួង ក្នុងឃុំព្រែកលួង ក្នុងមួយវត្តទទួល បានបច្ច័យ កសាងមួយលានរៀល ចៅអធិការបច្ច័យ ១០ម៉ឺនរៀល ព្រះសង្ឃក្នុងមួយអង្គ ៥ ម៉ឺនរៀល ទេយ្យវត្ថុ ក្នុងមួយវត្ត ទទួលបានទានវស្សាមួយ គូ អង្ករពីរបាវ ទឹកសុទ្ធ ៥កេះទឹកក្រូច ៥ កេះមី ៥ កេះត្រីខកំប៉ុង ៤ យួរទឹកត្រី៤យួរនិង ទឹកស៊ីអ៊ីវ៤ យួរយាយជី តាជីអញ្ជើញ ចូលរួមក្នុងកម្មវិធី ទទួលបានបច្ច័យ ក្នុងម្នាក់ៗ មួយម៉ឺនរៀល ។ សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលា ដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

នៅក្នុងពិធីនោះ លោកបណ្ឌិតប្រធាន ក្រុមការងារ បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងបាន លើកឡើង ពីភាពរីកចម្រើន លើវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលវិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរ ទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនា បានចាក់ឫស យ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណី របស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជា មានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។

លោកបណ្ឌិតបន្តថា កម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមក ការសម្រេចបាននូវសុខសន្តិភាព ពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជា ទាំងមូល ហើយជាមូលដ្ឋានមិនអាចខ្វះ បានក្នុងការពន្លឿន កិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តភាព៕