(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីថ្លែងការណ៍ ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា ខ្លួនបានបញ្ជូនសមាជិកសរុបចំនួន៤១,៣៣៣នាក់ ដើម្បីធ្វើជាអ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ផ្អែកតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍ខ្លួននៅទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការវាយតម្លៃអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដូចខាងក្រោម៖

*១៖ អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត៖ យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃ បានប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។ គ្រប់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងផុសផុល ហើយបានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេស ពុំមានករណីគំរាមកំហែង ឬអំពើហិង្សាណាមួយ ដែលត្រូវបានរាយការណ៍នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះឡើយ។

*២៖ អំឡុងពេលបោះឆ្នោត៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចេញទៅបោះឆ្នោត ក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញ ទៅមក ដែលនេះបានបង្ហាញច្បាស់អំពីភាពរស់រវើក នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពចាស់ទុំខាងនយោបាយ ទាំងក្នុងការអនុវត្តករណីយកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ទាំងក្នុងការប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោត ដោយអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។

*៣៖ ការរាប់សន្លឹកឆ្នោត៖ ដំណើរការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ រួមមាន ភ្នាក់ងាររបស់គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារ សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ ចំណុចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងបើកចំហរ នៃដំណើរការរាប់សន្លឹកឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។

ជាការវាយតម្លៃ និងសន្និដ្ឋានរួម សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេស ការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការយក ចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត៕