(ភ្នំពេញ)៖ លោក កៀង លក្ស អភិបាលខណ្ឌចំការមន និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សូមថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការិយាល័យ ជំនាញអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង៨៥ការិយាល័យ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ញ៉ាំងឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រសើរ គ្មានអំពើហិង្សា និងគ្មានបញ្ហាអសន្តិសុខណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

ជាមួយគ្នានេះ លោកក៏សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអត្រា ៨៥,៧៥% នៅរាជធានីភ្នំពេញ ក្នុងឋានៈជាម្ចាស់ឆ្នោត និងជាម្ចាស់នៃជោគវាសនាអនាគតរបស់ប្រទេសជាតិ ដើម្បីអនុវត្តសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា «ប្រព័ន្ធបោះឆ្នោត» និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល «សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌» ហើយកាន់តែបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍យ៉ាងពិតប្រាកដ»៕

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តចំការមន៖