(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករ ដែលកំពុងលក់ដូរបណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុង ឲ្យចូលលក់ដូរក្នុងផ្សារសេនជូរីផ្លាហ្សាទើបសាងសង់ថ្មីវិញ នៅសាលប្រជុំធំ នៃសាលាខណ្ឌពោធិ៍សែនជ័យ។

លោក នួន ផារ័ត្ន បានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ និងបានថ្លែងអំណរគុណដល់អាជីវករផ្សារសេនជូរីផ្លាហ្សាទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ រួមចំណែកឲ្យអត្រាអ្នកចូលរួមបោះឆ្នោតសរុបនៅរាជធានីភ្នំពេញ មានចំនួនរហូតដល់៨៥,៧៥% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ បង្ហាញឲ្យឃើញអំពីភាពចាស់ទុំខាងផ្នែកនយោបាយ និងភាពជាម្ចាស់ ដែលបានដើរទន្ទឹមគ្នានឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។

លោកបានបន្ថែមថា តាមរយៈលទ្ធផលបណ្តោះអាសន្ន ដែលបានបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងចំណោមគណបក្សទាំង១៨ ដែលបានចូលរួមប្រកួតប្រជែងនៅមណ្ឌលរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជានៅតែឈានមុខ និងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការទទួលបានអាសនៈរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។

លោក នួន ផារ័ត្ន ក៏បានថ្លែងអំណរគុណដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលុបផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យបើកការដ្ឋានសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មី បន្ទាប់ពីទទួលបានការឯកភាពទាំងស្រុងពីអាជីវករផ្សារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ និងបានរៀបចំកែប្រែសោភណ័ភាព បរិស្ថាន និងអនាម័យឲ្យផ្សារនេះ ក្លាយទៅជាតំបន់ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងជាតំបន់ទេសចរណ៍ដ៏សំខាន់បន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ។

ការសាងសង់ផ្សារនេះ ត្រូវបានគិតគូរជាពិសេសដល់អាជីវករចាស់ៗ ហើយធានាយ៉ាងណាឲ្យពួកគាត់អាចត្រឡប់ចូលមកលក់ដូរ នៅក្នុងផ្សារដែលបានសាងសង់ថ្មីវិញ ក្រោយពីផ្សារបានសាងសង់រួចរាល់ជាស្ថាពរ។

ជាក់ស្តែង ពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករនេះត្រូវបានធ្វើឡើង ក្រោយពីក្រុមការងារជំនាញពាក់ព័ន្ធបានចុះធ្វើការស្ទង់មតិអាជីវករកំពុងលក់ដូរទាំងអស់ និងក្រោយពីពិនិត្យឃើញថា សំណង់អគារផ្សារសេនជូរីផ្លាហ្សានេះ បានសាងសង់រួចរាល់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចឲ្យអាជីវករដែលកំពុងលក់ដូរបណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុង ត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញបាន ដោយមានការសម្របសម្រួលនីតិវិធីចាប់ឆ្នោតពីសំណាក់ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ គណៈកម្មការផ្សាររដ្ឋ និងក្រុមហ៊ុនវិនិយោគផ្សារទំនើបសេនជូរីផ្លាហ្សា៕