(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ចិន លោក ហ្កៅ ហ៊ូចេង (Gao Hucheng) បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះតទៅ ការពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ចិន គឺជាប្រធានដ៏ចម្បងមួយ ដែលនឹងត្រូវលើកយកមកជជែកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចនេះ។ ក្រៅពីការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាផ្លូវ វាលយន្តហោះ ផ្លូវរថភ្លើង និងកសិកម្ម ក៏ជាបញ្ហាអាទិភាព ដែលរដ្ឋមន្រ្តីពាណិជ្ជកម្ម នឹងត្រូវលើកមកពិភាក្សាជាមួយមន្រ្តីពាក់ព័ន្ធរបស់កម្ពុជាផងដែរ។
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែសីហា លោក ហ្កៅ ហ៊ូចេង បានជម្រាបជូនសម្តេចតេជោថា បញ្ហាធំៗចំនួន៤ រួមមាន៖ ផ្លូវថ្នល់, វាលយន្តហោះ, ផ្លូវរថភ្លើង និងបញ្ហាកសិកម្ម នឹងត្រូវលើកមកជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ លោក ហ្កៅ បន្តថា នឹងពិភាក្សាធ្វើយ៉ាងណាជំរុញការងារ និងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ ឱ្យមានដំណើរការទៅមុខកាន់តែឆាប់រហ័ស។
បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបសម្តែងការគួរសមនេះ លោក ហ្កៅ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ដើម្បីជំរុញ និងអនុវត្តជាក់ស្តែងលើវិស័យពាណិជ្ជកម្ម ដូចដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ បានសម្រេចនាពេលកន្លងទៅ មានដូចជាការតភ្ជាប់នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
លោក ហ្កៅ ក៏បញ្ជាក់ដែរថា ដំណើរទស្សនកិច្ច គឺដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនចិន ក៏ដូចជាសហគ្រាសចិន ដែលបានមកវិនិយោគ នៅកម្ពុជា ជួយពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញការនាំចូលកសិផលកម្ពុជា ទៅកាន់ប្រទេសចិន រួមមាន ដូចជាអង្ករ និងកសិផលផ្សេងៗ ដែលចិន បានមកធ្វើការកែច្នៃនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក ហ្កៅ និងស្វាគមន៍ចំពោះគោលការណ៍ នៃដំណើរទស្សនកិច្ចរបស់លោក។ សម្តេចក៏បានមានប្រសាសន៍ថា ការសម្របសម្រួលនយោបាយផ្លូវមួយ និងខ្សែក្រវ៉ាត់មួយជាមួយយុទ្ធសាស្ត្រចតុកោណ កម្ពុជាត្រូវពិនិត្យរួមគ្នា សម្របសម្រួលបញ្ចូលគ្នា សំដៅធ្វើយ៉ាងណាភ្ជាប់គ្នាឱ្យបានល្អ ដើម្បីជាការជំរុញ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ចរវាងប្រទេសទាំងពីរ៕