(ភ្នំពេញ)៖ កម្ពុជា បានស្នើឱ្យអូស្រ្តាលីបន្តជួយបណ្ដុះបណ្ដាលពីនីតិវិធីដោះស្រាយវិវាទការងារដល់ក្រុមបច្ចេកទេស ដើម្បីបញ្ចប់ការចងក្រងច្បាប់ស្ដីពីនីតិវិធីការងារ សម្រាប់ដំណើរការតុលាការការងារក្នុងប្រទេសកម្ពុជា។
សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលីប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។
ក្រោយពីបញ្ចប់ជំនួបខាងលើលោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា «តាមរយៈកម្មវិធីរបស់អង្គការ ILO នាពេលថ្មីនេះ កម្ពុជា បានបញ្ជូនក្រុមប្រតិភូបច្ចេកទេសមួយក្រុមទៅប្រទេសអូស្រ្តាលី ដើម្បីសិក្សាពីប្រព័ន្ធដោះស្រាយវិវាទការងារ ហើយក្រសួងបានស្នើទៅរដ្ឋាភិបាលអូស្រ្តាលី ឱ្យបន្តការងារនេះ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងយកបទពិសោធន៍ទាំងនោះ មករៀបចំចងក្រងទៅជាច្បាប់ស្ដីពីនីតិវិធីការងារ សម្រាប់ដំណើរការតុលាការការងារក្នុងប្រទេសកម្ពុជា»។
ក្រៅពីសំណើខាងលើនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើទៅប្រទេសអូស្រ្តាលី ទទួលកម្មករកម្ពុជាបន្ថែមទៀត ដើម្បីទៅធ្វើការងារតាមរដូវកាលនៅទីនោះ ដោយសារនៅអូស្រ្តាលី មានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់។ លោករដ្ឋមន្រ្តី ក៏បានដាក់សំណើនេះ ទៅរដ្ឋាភិបាលអូស្រ្តាលី រួចហើយផងដែរ។
ឆ្លើយតបនឹងការស្នើខាងលើ លោកស្រី Angela Corcoran បានបញ្ជាក់ថា លោកស្រីនឹងពាំនាំសំណើទាំងនេះ ទៅប្រាប់ដល់រដ្ឋាភិបាលអូស្រ្តាលីរបស់លោកស្រី ដើម្បីពិនិត្យពិភាក្សាលើការងារនេះ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ល្អថែមទៀត៕