(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវរួមគ្នាបង្ក្រាបបទល្មើសនានា និងអនុវត្តភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ការជំរុញបែបនេះរបស់លោកអភិបាលខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុកទាំង១០ ផងដែរ។
លោក អ៊ុន ចាន់ដា បានថ្លែថា នៅក្នុងកំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតអាចមានក្រុមទុច្ចរិត ឬពួកឆ្លៀតឱកាសបានបង្កើតជាបទល្មើសផ្សេងៗ ក្រោមរូបភាពប្រជាពលរដ្ឋ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន គឺចំពេលដែលគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធកំពុងជាប់រវល់ក្នុងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានបន្តថា ដូច្នេះបច្ចុប្បន្ន ក្នុងពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការ និងមិនទាន់បង្កើតរដ្ឋាភិបាលថ្មី សូមឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឱ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានាហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមាន ទាំងគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសគឺរួមគ្នាអនុវត្តឱ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្តទៀត។
លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាព ជួយគាំទ្រយ៉ាងសកម្ម ក្នុងដំណាក់កាលរៀបចំការបោះឆ្នោត ជាពិសេសការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ធ្វើឲ្យដំណើរការបោះឆ្នោតបានដោយរលូន ជោគជ័យ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ឬបដិភាពណាមួយ កើតឡើងនោះឡើយ៕