(ព្រះវិហារ)៖ លោក គីម រិទ្ធ អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋខេត្តព្រះវិហារប្រមាណ៨៤.០៧% ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដើម្បីអនុវត្តសិទ្ធ និងករណីយកិច្ចជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ។

នៅក្នុងលិខិតថ្លែងអំណរគុណរបស់លោកអភិបាលខេត្តព្រះវិហារ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ថភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំការបោះឆ្នោត ជាពិសេសការការពារសន្តិសុខ សណ្តាប់ធ្នាប់ ទូទៅសម្រាប់យុទ្ធនារបោះឆ្នោត និងថ្ងៃបោះឆ្នោត ដែលធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន ជោគជ័យ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ឫបាតុភាពណាមួយកើតឡើងនោះឡើយ។

ជាមួយគ្នានេះដែរ ក៏បានកោតសរសើរចំណោះគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយភាពឯករាជ្យ អព្យាក្រឹត្យឥតលម្អៀង តម្លាភាព និងយុត្តិធម៍ ក្នុងជំហរទទួលខុសត្រូវខ្ពស់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាល ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោត៕