(ភ្នំពេញ)៖ ប្រទេសទាំងបួន មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានកំណត់នូវសកម្មភាពការងារសំខាន់ៗ ជាអាទិភាពមួយចំនួន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំងដើម្បីទាក់ទាញកំណើនភ្ញៀវអន្តរជាតិ ឱ្យបាន ២៨.៥លាននាក់ នៅឆ្នាំ ២០១៨។
ការកំណត់គោលដៅសំខាន់ៗនេះ ត្រូវបានធ្វើឡើងក្នុងជំនួបកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ របស់ប្រទេសទាំង៤នេះ មានកម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) ស្ដីអំពី «ប្រទេសទាំងបួនគោលដៅតែមួយ» ដែលធ្វើឡើងនៅរដ្ឋធានីយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។
គោលដៅការងារទាំងនោះ រួមមាន៖ទី១.ការជំរុញ និងសម្រួលការធ្វើដំណើរ ការតភ្ជាប់ជើងហោះហើរក្នុងប្រទេសទាំង៤, ទី២.ការអភិវឌ្ឍ និងពិពិធកម្មផលិតផលទេសចរណ៍ ដូចជាទេសចរណ៍វប្បធម៌ និងធម្មជាតិទេសចរណ៍ទីក្រុង អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ព្រឹត្តិការណ៍កីឡាទេសចរណ៍នានា រួមជាមួយការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំង៤, ទី៣.ជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា, ទី៤.ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, ទី៥.ការជំរុញវិនិយោគក្នុងវិស័យទេសចរណ៍, និងទី៦.ការទទួលស្គាល់តួនាទីរបស់ដៃគូរអភិវឌ្ឍនានា ក្នុងការរួមចំណែកកសាងធនធានមនុស្ស និងអភិវឌ្ឍផលិតផលទេសចរណ៍ នៃប្រទេសទាំង៤។
សូមជម្រាបថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦ ប្រទេសទាំងបួននេះ ទទួលបានទេសចរអន្តរជាតិ ជាង១០លាននាក់ ហើយបានព្យាករណ៍ទុកថា ក្នុងឆ្នាំ២០១៦ទាំងមូល ចំនួនទេសចរសរុប នឹងកើនដល់២៤លាន ហើយដល់២៨.៥លាននាក់ នៅឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៥ មានទេសចរអន្តរជាតិមកទស្សនាប្រទេសទាំងបួនខាងលើ (កម្ពុជា ឡាវ ភូមា និងវៀតណាម) មានចំនួនប្រមាណ២២លាននាក់ កើនឡើង១១.៤ភាគរយ បើធៀបនឹងឆ្នាំ២០១៤៕