(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ។
កំណាត់ផ្លូវជាតិនេះ មានប្រវែង១៣៨,៦១គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន។ ផ្លូវនេះ ត្រូវសាងសង់រយៈពេល ៤០ខែ ពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នាខែធ្នូ ឆ្នាំ២០១៥។ គម្រោងផ្លូវជាតិលេខ៤៤ ចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៥.២៣០.៧២៨ដុល្លារអាមេរិក ផងដែរ។
គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំណយន៤ របស់ខេត្តកំពង់ស្ពឺ ក្នុងនោះមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩។ ចំណែកតួផ្លូវត្រូវបានលើកកំពស់ និងពង្រីកទទឹង១១ម៉ែត្រ ក្នុងផ្លូវរថយន្តទទឹង ៣,៥០ម៉ែត្រសងខាង ដែលមានផ្ទៃនៃទ្រូងផ្លូវ ក្រាលថ្ម ស្រោចកៅស៊ូ ២០ស្រទាប់៕