(រតនគិរី)៖ ទោះបីមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានយ៉ាងណា ក៏មិនអាចពន្លត់អគ្គិភ័យឆាបឆេះភោជនីដ្ឋានពន្លឺថ្មី នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងបានដែរ។

ម្ចាស់ហាងពន្លឺថ្មីលោក តា ទ្រី បានរៀបរាប់ថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ក្នុងបន្ទប់ក្នុងភោជនីដ្ឋានកើតហេតុនេះ ស្រាប់តែមានអ្នកនៅជាមួយគាត់ម្នាក់ទៀត មកដាស់គាត់ថា មានភ្លើងឆេះហាងនៅវេលាប្រហែលម៉ោង ២៣៖៣០យប់ថ្ងៃទី២៧ ខែកក្កដា។

គាត់បន្តថា ខណៈនោះគាត់មានការតក់ស្លុតយ៉ាងខ្លាំង រត់ចេញមកក្រៅទាំងគ្មានសំលៀកបំពាក់ត្រឹមត្រូវផង ដូច្នេះសម្ភារៈមានតម្លៃ និងលុយមួយចំនួនធំ ត្រូវអគ្គិភ័យលេបត្របាក់អស់ហើយ។

ម្ចាស់ហាងខាងលើបញ្ជាក់ទៀតថា គាត់បានបាត់ម៉ូតូ១គ្រឿងម៉ាកស៊ូមមើពាក់ស្លាកលេខរតនគិរី ២៥៧ (ពណ៌ក្រហមលាយស) ក្នុងចំណោម៣គ្រឿង ហើយទ្វារម្ខាងក្នុងហាងដែលគាត់ចាក់សោពីខាងក្នុង ពេលគាត់ស្ទុះចេញក្រៅហាងទ្វារដែលចាក់សោរនោះអត់ឃើញមានសោ។

ទន្ទឹមនឹងហេតុការណ៍គួរឲ្យសោកសង្រេងនេះ តាទ្រីដែលជាម្ចាស់ភោជនីដ្ឋានពន្លឺថ្មី សុំណូមពរឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូដែលបាត់នោះមកវិញ។

បើតាមមន្ត្រីមគរបាលពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងនៅព្រលឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ថា កម្លាំងអន្តរាគមន៍ប្រើប្រាប់ឡានទឹកអស់ជាង៤០ឡានមកហើយរហូតមកដល់វេលាម៉ោងជាង៨ទៅហើយ នៅតែគ្រប់គ្រងស្ថានការណ៍មិនទាន់បាននៅឡើយទេ ដោយសារភោជនីដ្ឋានពន្លឺថ្មី មានស្ថានភាពស្មុកស្មាញពិបាកឡានទឹកចូល។ ក្រុមមន្ត្រីនគរបាលពន្លត់អគ្គិភ័យខាងលើ បានសន្និដ្ឋានហេតុការណ៍ខាងលើនេះមូលហេតុសង្ស័យទុស្សេខ្សែភ្លើង៕