(កំពង់ធំ)៖ លោក ខឹម សំអាត អគ្គនាយករងមូលនិធិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជំរុញអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ផ្សព្វផ្សាយគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ ឆ្នាំទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យច្បាស់ច្បាស់លាស់ និងចំគោលដៅ។
លោក ខឹម សំអាត បានថ្លែងនៅក្នុងបិទវគ្គបណ្តុះបណ្ដាលស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លី វេត អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តជិត៣០០នាក់។
លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្ដាលមានគោលបំណងអភិវឌ្ឍសមត្ថភាពបន្ថែមលើនីតិវិធី នៃការអនុវត្ត និងការឧបត្ថម្ភតាមអត្រាថ្មី របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់រដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុង ស្រុក ដែលជាតួអង្គសម្របសម្រួល និងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុចរិតភាព នឹងប្រសិទ្ធភាពខ្ពស់។
លោកបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្តល់នូវកិច្ចគាំពារមួយយ៉ាងពិតប្រាកដ ដើម្បីពង្រឹង សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
លោក ខឹម សំអាត លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញការស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោកទទួលស្គាល់នូវការប្រែប្រួលឈានឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀតក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
លោកបានបន្តថា មន្ទីរសង្គមកិច្ចខេត្ត ត្រូវត្រួតពិនិត្យជាប្រចាំនៅតាមឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីជំនួយសង្គម និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកកម្មវិធីនៅតាមឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលកាន់តែប្រសើរឡើង។
លោកបានផ្តាំផ្ញើដល់ទាំងអស់ត្រូវយកចិត្តទុកដាក់យកមេរៀននេះទៅអនុវត្តក្នុងកិច្ចការងាររបស់ខ្លួន ឲ្យចំគោលដៅកុំឱ្យមានការធ្វេសប្រហែសព្រោះនេះជារឿងដែលលុយកាក់ ហើយមួយវិញទៀតត្រូវជួយទៅដល់គ្រួសារស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ ឆ្នាំឲ្យបានល្អប្រសើរ ប្រសិនបើមិនយល់ត្រង់ណាត្រូវសួរមកជំនាញដើម្បីពន្យល់បន្ថែមទៀតឲ្យបានច្បាស់លាស់កុំឲ្យស្រពិចស្រពិលឬ ធ្វើទាំងខុស។
ក្នុងនោះដែលោក ខឹម សំអាត បានដាស់តឿនទៅដល់មន្ត្រីទាំងអស់ ត្រូវឧស្សាហ៍ហៅភ្នាក់ងារវីងដែលនៅជិត ឬក៏នៅក្នុងភូមិឃុំរបស់ខ្លួនមកសួរនាំ និងពន្យល់ឲ្យបានច្បាស់លាស់អំពីការផ្ដល់សាច់ប្រាក់នេះដើម្បីកុំឲ្យមានបញ្ហាមិនប្រក្រតី៕