(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នានាសម័យរដ្ឋកម្ពុជា។

ពេលបានដឹងថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាង ចានតាមហាង និងបោកខោអាវឲ្យអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់។

នៅពេលទទួលដំណឹងថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកថវិកាចំនួន ១,៥០០$, អង្ករចំនួន១០ការុង, ភេសជ្ជៈចម្រុះចំនួន ២០កេស ទៅចូលរួមបុណ្យសព និងបានសន្យា បន្តជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារសពនូវថវិកា២០ម៉ឺនរៀល រួមជាមួយអង្ករ០២ការ៉ុង ជារៀងរាល់ខែ ព្រមទាំងធានារ៉ាប់រងការចំណាយជូនប្រពន្ធនៃសពទៅពិនិត្យ និងព្យាបាលភ្នែកផងដែរ៕