(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភាន់ច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់ លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។
ជុំវិញបញ្ហានេះ ស្ថានបេសសកកម្មអចិន្ត្រៃយ៍ សូមផ្ដល់សេចក្ដីបំភ្លឺដូចតទៅ៖
១៖ ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាលនិងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។
២៖ ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើកឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែល ច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣ មកនិងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពី នយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។
៣៖ ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែកនិងការតាមដានយ៉ាងដិតដល់ពីសំណាក់វត្តមានអ្នកសង្កេតការណ៍អន្តរជាតិ៤២២ នាក់ ដែលតំណាងឱ្យ៦៥ សញ្ជាតិ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និងសហគមន៍អនិកជនកម្ពុជានៅបរទេស ជាសាក្សី។ ជាងនេះទៅទៀត ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០ នាក់ ដែលមានវត្តមានតាមដាន។ សេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ក្រុមអ្នកសង្កេតការណ៍ជាច្រើនខាងលើក៏បានទទួលស្គាល់ថា ការបោះឆ្នោតសកលនៅកម្ពុជាគឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។
៤៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ តួអង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវគណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សង្ឃឹមថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនឹងពិចារណាពីតថភាពទាំងអស់នេះ ព្រមទាំងអនុវត្តការងាររបស់ខ្លួនដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្របតាមសេចក្ដីសម្រេច A/RES/48/141 ចែងពីអាណត្តិរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាពនិងយុត្តាធិការក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោរពតាមគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
អ៉ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ