(ភ្នំពេញ)៖ ជនបរទេស៣៦នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំ បានចូលស្បថនៅក្នុងតុលាការកំពូល នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីទទួលយកសញ្ជាតិខ្មែរ។

ពិធីសម្បថនេះ រៀបចំដោយក្រុមប្រឹក្សាពិធីសម្បថ ចំនួន០៥រូប ក្នុងនោះមាន លោក ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា , លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា ជាតំណាងមហាអយ្យការ និងមានលោកស្រី ឃុត សុគន្ធា ជាក្រឡាបញ្ជីកត់ត្រា។

ជនបរទេស ដែលត្រូវធ្វើពិធីសម្បថព្រឹកនេះ មាន៣៦រូប ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ថផ្ដល់សញ្ជាតិខ្មែរ រួចហើយ ប៉ុន្តែពួកគេត្រូវចូលមកស្បថ នៅចំពោះមុខតុលាការកំពូល ទើបអាចក្លាយជាពលរដ្ឋខ្មែរពេញលក្ខណៈច្បាប់ ក្នុងនោះមានជនសញ្ជាតិដើមជនជាតិចិន១៤នាក់, កូរ៉េ០៥នាក់, ចិនតៃវ៉ាន់០៣នាក់, ឥណ្ដូនេស៊ី០២នាក់, សឹង្ហបុរី០២នាក់, វៀតណាម០២នាក់, អ៊ីតាលី០១នាក់, ថៃ០១នាក់, ហ្វីលីពីន០១នាក់, កាណាដា០១នាក់, ឡាវ០១នាក់, អង់គ្លេស០១នាក់, បារាំង០១នាក់ និងម៉ាឡេស៊ី០១នាក់ ផងដែរ៕